ទឹកប្រាក់ប្រមាណ 100 លានដុល្លារ នឹងត្រូវចំណាយសម្រាប់ការស្តារស្ទឹងព្រែកត្នោត បញ្ចប់ការជន់លិចក្រុងភ្នំពេញ
ភ្នំពេញ ៖ យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណ 100 លានដុល្លារ ត្រូវបានគ្រោងនឹងចំណាយទៅលើការស្តារឱ្យប្រសរឡើងវិញនូវស្ទឹងព្រែកត្នោត ដែលទទួងរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងទៅនេះ ដើម្បីធានាបាននូវសុវត្ថិភាពបញ្ចប់ការជន់លិចនៅទាំងស្រុងនៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។
គិតត្រឹមព្រឹកថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2020 នេះ មន្ត្រីជំនាញក្រសួងធនធានទឹក សហការជាមួយក្រុមហ៊ុនចិន បានបញ្ចប់ការសិក្សាបឋមទៅលើគម្រោងនៃការស្តារ និងធ្វើឱ្យប្រសើរឡើងវិញនូវស្ទឹងព្រែកត្នោត ដែលអាងស្តុកទឹកដ៏ធំ និសំខាន់បំផុត សម្រាប់បញ្ចៀសការជន់លិច ស្ថិតនៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញ រួមនឹងខេត្តកណ្តាលផងដែរ។

អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានមានប្រសាសន៍ថា ពេលនេះក្រុមអ្នកជំនាញក្រុមហ៊ុនចិន រួមជាមួយនឹមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធ បានបញ្ចប់ការសិក្សាលើការស្ដារស្ទឹងព្រែកត្នោតក្នុងដំណាក់ដំបូងរួចហើយ នៅចាំតែការសិក្សាលម្អិតបន្ថែមចុងក្រោយ ដើម្បីឈានទៅរកដំណាក់កាលចាប់ផ្តើមចុះអនុវត្តបើកការដ្ឋានតែម្ដង។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍បញ្ជាក់ថា “ព្រឹត្តិការណ៍នៃការជន់លិចតំបន់ខ្លះក្នុងក្រុងភ្នំពេញកាលពីខែតុលា កន្លងទៅនេះ ដោយសារកម្រិតទឹកជំនន់មានទំហំធំដែលមិនធ្លាប់ក្នុងចន្លោះពី 1300 – 1350 ម៉ែត្រគូប ក្នុងមួយវិនាទី ដែលធ្វើឱ្យប្រព័ន្ធរំដោះទឹកនាពេលបច្ចុប្បន្នមិនអាចធានាបាន។ ហេតុដូចនេះហើយរដ្ឋាភិបាលត្រូវតែស្តារស្ទឹងព្រែកត្នោតឡើងវិញបន្ទាប់ពីអខានតាំងពី60 ឆ្នាំមុនមកម៉្លេះ”។
លោក ចាន់ យុត្ថា បានបញ្ជាក់ប្រាប់ឱ្យដឹងផងដែរថា តាមគម្រោងដែលបានបញ្ចប់សិក្សាកាលពីពេលថ្មីៗនេះ គ្រោងចំណាយថវិកាប្រមាណ 100 លានដុល្លារ លើការស្តារ និងធ្វើឱ្យប្រសើរឡើងវិញ ក្រោមជំនួយកម្ចីពីរដ្ឋាភិបាលចិន និងប្រើពេលប្រមាណជិត 3 ឆ្នាំ ឬយ៉ាងឆាប់ 30 ខែ ក្នុងការបញ្ចប់។
បន្ថែមពីនេះ ក្រៅពីគម្រោងនៃការស្ដារស្ទឹងព្រែកត្នោត រដ្ឋាភិបាលកម្ពុជាក៏មានគម្រោងសហការជាមួយប្រទេសដៃគូ រួមមាន ឥណ្ឌា និងកូរ៉េ សាងសង់អាងស្តុកទឹកដ៏ធំចំនួន៣ផ្សេងទៀត ស្ដិតនៅជុំវិញស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ 400 លានម៉ែត្រគូប ដើម្បីជម្លៀសបញ្ហាជន់លិចផងដែរ៕