រដ្ឋមន្ត្រីសុខាភិបាលអាហ្សង់ទីនថ្លែងថា ការប្រកួតបាល់ទាត់ក្នុងស្រុកនឹងបន្តផ្អាកដដែល ខណៈស្ថានភាព COVID-19 នៅមិនទាន់ធូរស្រាល
អាហ្សង់ទីន៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្សង់ទីន លោក Gines Gonzalez បានគូសបញ្ជាក់ថាការប្រកួតបាល់ទាត់នៅស្រុក នឹងមិនទាន់វិលត្រឡប់មកវិញនាពេលឆាប់ៗនេះនោះទេ ដោយសារប្រទេសកំពុងតែរកមធ្យោបាយដោះស្រាយ ជាមួយនឹងការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ិនហួនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
ប្រទេសក្នុងទ្វីបអាម៉េរិកខាងត្បូងមួយនេះ បានស្ថិតនៅក្នុងការបិទប្រទេសយ៉ាងតឹងរឹង ចាប់តាំងពីថ្ងៃទី២០ ខែមីនាមក ហើយនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតមួយចំនួន ដោយបានអនុញ្ញាតឲ្យអត្តពលិកអូឡាំពិកចាប់ផ្តើមហ្វឹកហាត់ឡើងវិញ និងអនុញ្ញាតឲ្យពលរដ្ឋធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃនៅអំឡុងពេលជាក់លាក់។
សូមជម្រាបថា អាហ្សង់ទីនស្ថិតក្នុងលំដាប់ទី៣៤ ក្នុងចំណោមប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ អាហ្សង់ទីនមានអ្នកឆ្លងសរុប៣ម៉ឺន២ពាន់៧៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨៥៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៨៩១នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប២ម៉ឺន២ពាន់៤០នាក់ ៕



