ប្រទេសមួយគត់របស់អាស៊ានរំពឹងថាមានសេដ្ឋកិច្ចកើនឡើងក្នុងឆ្នាំ 2020 នេះ
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានសរសេរថា ប្រទេសវៀតណាមបានក្លាយទៅជាប្រទេសដែលអាចគ្រប់គ្រងផលប៉ះពាល់សេដ្ឋកិច្ចដោយសារកូវីដ19 បានល្អបំផុត ហើយក៏ជាប្រទេសតែមួយគត់ផងដែរនៅក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ដែលនឹងទទួលបានអត្រាកំណើនសេដ្ឋកិច្ច
សម្រាប់ឆ្នាំ 2020 នេះ។
យោងតាមការបង្ហាញតួលេខចុងក្រោយដោយអង្គការមូលនិធិរូបិយបណ្ណអន្តរជាតិហៅកាត់ថា IMF អាចឲ្យយើងឃើញថាសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងប្រមាណជា 2.4 ភាគរយសម្រាប់ឆ្នាំ 2020 នេះដោយ IMF ក៏បានលើកសរសើរវៀតណាមទៀតថា ការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការថែរក្សា
បញ្ហាសុខាមាលភាពសាធារណៈ និងបញ្ហាសេដ្ឋកិច្ចស្របគ្នាក្នុងពេលវិបត្តិកូវីដ19 ទើបធ្វើឲ្យប្រទេសនេះអាចទទួលបានជោគជ័យបែបនេះ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះប្រទេសវៀតណាមមានរបាយការណ៍នៃអ្នកឆ្លងកូវីដ19 សុរបត្រឹមតែ 1288 នាក់និងអ្នកស្លាប់ប្រមាណជា 35 នាក់ហើយតាមការប៉ានស្មានរបស់ IMF បាននិយាយថាសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ 2021 នឹងងើបឡើងវិញខ្លាំងក្នុងអត្រា 6.5 ភាគរយប្រសិនបើសកម្មសេដ្ឋកិច្ចក្នុងស្រុក និងប្រទេសនៅតែ
បន្តស្ថេរភាពដូចបច្ចុប្បន្ននោះ។
ក្រៅពីនេះអ្វីដែលយើងអាចមើលឃើញមួយរយៈចុងក្រោយនេះក្នុងពេលដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិនចំពោះតម្លៃពន្ធលើទំនិញនោះវាបានរុញច្រានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនបាននាំគ្នាបង្វែរគោលដៅផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសវៀតណាមវិញជាក់ស្តែងដូចជា Apple និង Samsung ជាដើម៕