ក្នុងខែតុលា ឆ្នាំ២០២០នេះ អត្រាគ្មានការងារធ្វើនៅអូស្ត្រាលីកើនដល់៧ភាគរយ អំឡុងវិបត្តិ Covid-19
អូស្រ្តាលី៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃសុក្រនេះថា នៅក្នុងខែតុលា ឆ្នាំ២០២០នេះ អត្រាភាពគ្មានការងារធ្វើនៅអូស្ត្រាលី កើនឡើងចំនួន៧ភាគរយ ក្នុងអំឡុងពេលការឆ្លងរាតត្បាតជម្ងឺ Covid-19 ។
ជាមួយគ្នានេះ ប្រធានស្ថិតិការងារនៃការិយាល័យស្ថិតិអូស្ត្រាលី ABS លោក Bjorn Jarvis បានបញ្ជាក់ថា ការកើនឡើងភាពគ្មានការងារធ្វើ គឺដោយសារតែ០,៩ភាគរយបានកើនឡើងក្នុងចំនួនប្រជាជនអូស្ត្រាលី ដែលកំពុងស្វែងរកការងារធ្វើ ។ បើតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិអូស្ត្រាលី ABS អត្រាភាពគ្មានការងារធ្វើបានកើនឡើង០,១ភាគរយពី៦,៩ភាគរយ នៅក្នុងខែកញ្ញា ដល់៧,០ភាគរយនៅក្នុងខែតុលា ឆ្នាំ២០២០នេះ ។
ដោយឡែកចំនួនប្រជាជនអូស្ត្រាលី ដែលមានការងារធ្វើបានកើនឡើង១៧ម៉ឺន៨ពាន់៨រយនាក់ ឬស្មើនឹង១,៤ភាគរយ ហើយចំនួនម៉ោងការងារក៏បានកើនឡើង១,២ភាគរយផងដែរ ៕


