បើចង់ក្លាយជាអ្នកជំនាញ និងមានសមត្ថភាពបង្កើតថ្មីកុំរៀនជំនាញណាដែលទូលាយខ្លាំងពេក

អត្ថបទដោយ៖
ហេង សុវណ្ណ

បច្ចុប្បន្ននេះ មានយុវជនជាច្រើនចាប់អារម្មណ៍សិក្សាពីរមហាវិទ្យាល័យ ឬសិក្សាជំនាញទាំងឡាយណាដែលមានលក្ខណៈទូលាយដោយគិតថាអាចងាយ ឬមានចន្លោះទូលាយសម្រាប់ស្វែងរកការងារជាដើម។ ផ្ទុយមកវិញ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះអ្នកជំនាញជាច្រើនបែរជាយល់ឃើញថាការធ្វើបែបនេះអាចបង្ករផលប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពទៅវិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថាកម្ពុជាត្រូវការអ្នកដែលមានសមត្ថភាពប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីបំបែកមេរៀនទាំងអស់នោះឱ្យក្លាយជាសម្មិទ្ធិផលថ្មី ឬបង្កើតជាស្នាដៃច្នៃប្រឌិតនានាសម្រាប់ដោះស្រាយបញ្ហាលើវិស័យសំខាន់ៗក្នុងសង្គម។ ឯកឧត្តមថា ធនធានមនុស្សដែលមានគុណភាពល្អ គួរសិក្សាលើជំនាញណាមួយឱ្យបានច្បាស់លាស់បំផុតរហូតអាចមានសមត្ថភាពដើម្បីបំបែកគំនិតដើមនៃមេរៀនឱ្យក្លាយជារបកគំហើញថ្មីដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម។ ឧទាហរណ៍ ប្រសិនបើយើងកំពុងសិក្សាផ្នែកកសិកម្ម យើងគួរសិក្សាឱ្យលម្អិតរហូតអាចមានសមត្ថភាពបង្កាត់ពូជដំណាំដែលអាចឱ្យកសិករអភិវឌ្ឍសមត្ថភាពក្នុងការបង្កើនទិន្នផល និងគុណភាពឱ្យបានខ្ពស់ ឬអាចស្វែងរកវិធីសាស្រ្តល្អណាដើម្បីដោះស្រាយបញ្ហាដែលធ្លាប់កើតមានក្នុងវិស័យនេះជាដើម។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «ដើម្បីបង្កើតគំនិតថ្មីនេះបាន យុវជនគួរសិក្សាដោយការផ្តោត (focus) ឱ្យបានខ្ពស់បំផុតលើមុខវិជ្ជាដែលខ្លួនបានជ្រើសរើស»។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ដើម្បីអភិវឌ្ឍសមត្ថភាពបានល្អ អ្នករៀនទាំងអស់គួរសិក្សាឱ្យបានច្បាស់លាស់បំផុតពីមេរៀននីមួយៗនៃជំនាញរបស់ខ្លួន ដោយការអភិវឌ្ឍ ពិសោធន៍ និងសាកល្បងជាក់ស្តែងរហូតយល់ជាក់ច្បាស់ពីប្រភពនៃបញ្ហាក្នុងវិស័យនេះ។ បន្ថែមពីលើនេះ ក៏គួរតែមានការស្រាវជ្រាវឱ្យបានច្រើន និងស៊ីជម្រៅពីគ្រប់ប្រភពឯកសារនានាលើពិភពលោកដើម្បីចូលឱ្យកាន់តែជ្រៅលើមុំដែលខ្លួនគិតថាត្រូវផ្តោតដើម្បីឱ្យសមត្ថភាពកាន់តែមុតស្រួច រហូតក្លាយជាអ្នកដែលមានសមត្ថភាពខ្ពស់ និងច្បាស់លាស់បំផុតលើជំនាញរបស់ខ្លួន។ នៅពេលនោះ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណា ឬទៅដល់ទីណាក៏យើងនៅតែក្លាយជាអ្នកជំនាញដែលគេត្រូវការជានិច្ច។

ជុំវិញបញ្ហានេះផងដែរ លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម បានបញ្ជាក់ថា យុវជនបច្ចុប្បន្នចូលចិត្តសិក្សាជំនាញណាដែលមានភាពទូលាយដើម្បីងាយស្វែងរកការងារធ្វើ ព្រោះជំនាញខ្លះដូចជាជំនាញគ្រប់គ្រងជាដើម ត្រូវបានយុវជនមើលឃើញថាជាផ្នែកដែលមានចន្លោះការងារធំ ពេលចេញពីសាលាអាចធ្វើការងារណាមួយក៏បានក្នុងវិស័យដ៏ទូលាយនេះ។ លោកថា ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវនោះទេ ព្រោះជំនាញទាំងអស់នោះពេលខ្លះមានលក្ខណៈទូលាយពេកដែលធ្វើឱ្យយើងចាប់បានត្រឹមតែជាឱកាសការងារតូចៗ និងមិនច្បាស់លាស់តែប៉ុណ្ណោះ។

លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម

លោក សាន្ត ច័ន្ទកុម្ភៈ បាននិយាយថា៖ «ប្រសិនបើចង់អភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលសំខាន់ ឬអ្នកជំនាញក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយ អ្នកសិក្សាទាំងអស់ចាំបាច់ត្រូវតែសម្រួចជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមុនសិន»។

អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ការដែលចាប់យកជំនាញទូលាយពេក អាចនឹងធ្វើឱ្យគាត់អភិវឌ្ឍយឺតនៅក្នុងស្ថាប័នការងារជាក់ស្តែង។ ជាឧទាហរណ៍ បើនិស្សិតម្នាក់ចេញមកក្នុងជំនាញណាមួយដែលមិនស៊ីជម្រៅ ឬមានលក្ខណៈទូទៅខ្លាំងពេក គាត់ចាំបាច់ត្រូវតែសម្រេចចិត្តចូលទៅផ្នែកណាមួយនៃក្រុមហ៊ុន ឬស្ថាប័នដែលគាត់បានដាក់ពាក្យបម្រើការងារនោះ ព្រោះគ្រប់ស្ថាប័នទាំងអស់ត្រូវបានបែងចែកជាផ្នែកយ៉ាងលម្អិត ហើយគ្មានស្ថាប័នណាអនុញ្ញាតឱ្យយើងទទួលការងារសំខាន់ភ្លាមៗដោយគ្មានភាពច្បាស់លាស់នោះទេ។ ហេតុនេះគាត់ត្រូវចំណាយពេលយ៉ាងយូរដើម្បីសិក្សាពីអ្វីដែលគាត់កំពុងធ្វើនោះទម្រាំគាត់បានឡើងពីមួយកន្លែងទៅមួយកន្លែងផ្សេងទៀត។ ផ្ទុយមកវិញ ប្រសិនបើគាត់ចាប់យកជំនាញណាមួយដែលជាផ្នែកសំខាន់សម្រាប់ក្រុមហ៊ុនតែម្តង គាត់នឹងអាចអភិវឌ្ឍខ្លួនបានលឿន ឬមានចំណេះដឹងស្រួចជាងអ្នកដែលសិក្សាផ្នែកទូលាយពេក។ ជាក់ស្តែងបើគាត់ចេញដំណើរពីអ្នកជំនាញគណនេយ្យ គាត់អាចនឹងមានឱកាសក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុ ឬថ្ងៃក្រោយអាចក្លាយជានាយកប្រតិបត្តិជាដើម។ ហេតុនេះ ការសិក្សាលើជំនាញតូចតែច្បាស់លាស់ អាចនឹងធ្វើឱ្យអ្នកសិក្សាមើលឃើញផ្លូវអភិវឌ្ឍសមត្ថភាពច្បាស់លាស់ និងស៊ីជម្រៅជាងអ្នកដែលចាប់យកជំនាញធំៗ និងទូលាយខ្លាំងពេក៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner