ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបាន ចុះសម្របសម្រួលនិស្សិតអាហាររូបករណ៍ដែលជាប់គាំងក្នុងកំឡុងពេលកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ និងលោកអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ រួមទាំងមន្ត្រីស្ថានទូត នៅថ្ងៃទី១៩ និងថ្ងៃសទី២០វិច្ឆិកានេះ បានចូលរួមសហការជាមួយក្រុមការងារគម្រោងព្រះរាជឧបត្ថម្ភលើវិស័យអប់រំកម្ពុជារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ដែលដឹកនាំដោយលោក វិឈិត យ៉ាធីប ប្រធានសមាគមមិត្តភាពថៃ-កម្ពុជា និងជាប្រធានគម្រោង បានចុះពិនិត្យ និងសម្របសម្រួលនិស្សិតអាហាររូបករណ៍កម្ពុជា ដែលជាប់គាំងក្នុងកំឡុងពេលកូវីដ១៩ បានចូលតាមច្រកអន្តរជាតិចុងជាំ-អូរស្មាច់ (ខេត្តសុរិន្ទ-ខេត្តឧត្តរមានជ័យ) ដើម្បីវិលត្រឡប់មកបន្តការសិក្សាវិញតាមសាកលវិទ្យាល័យផ្សេងៗនៅប្រទេសថៃ។

កន្លងមកក្រុមការងារគម្រោងបានជួយសម្របសម្រួលយកនិស្សិតអាហាររូបករណ៍កម្ពុជាចំនួន៧លើករួចមកហើយ ចាប់ពីខែសីហាដល់ខែវិច្ឆិកាឆ្នាំ២០២០ ហើយនិស្សិតទាំងអស់ត្រូវអនុវត្តតាមវិធានការសុខាភិបាល រួមទាំងការធ្វើចត្តាឡីស័ករយះពេល ១៤ថ្ងៃ មុននឹងធ្វើដំណើរទៅតាមសាកលវិទ្យាល័យ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបានចុះទស្សនកិច្ចការងារ និងជួបពិភាក្សាជាមួយអាជ្ញាធរនៅខេត្តសុរិន្ទ និងខេត្តបុរីរ៉ាម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយខេត្តជាប់ព្រំដែនរបស់កម្ពុជា។ ទន្ទឹមនឹងនោះ ក្រុមការងារស្ថានទូតក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរកស៊ីនៅផ្សារព្រំដែនចុងជាំ ខេត្តសុរិន្ទ ព្រមទាំងបានផ្តាំផ្ញើការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះប្រជាពលរដ្ឋខ្មែរផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner