ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផ្តល់អនុសាស្ត្រចំនួន៦ចំណុច ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើវិស័យគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជម្ងឺកូវីដ១៩
ក្រុមការងារបច្ចេកទេស (TWG) លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យមើលពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជម្ងឺកូវីដ១៩ ដែលកិច្ចពិភាក្សានេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ លោក អាឡិចសាន់ឌ័រ ហ៊ុយ (Alexander Huynh) តំណាងប្រទេសកម្ពុជា នៃអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ និងជាសហអ្នកសម្របសម្រួលភាគីដៃគូអភិវឌ្ឍន៏នៃក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ, លោក បែនចាមីន ណូតល័រ (Benjamin Knoedler) អនុប្រធានបេសកកម្មនៃស្ថានទូតសហព័ន្ឋអាលឺម៉ង់ប្រចាំកម្ពុជា រួមនឹងអ្នកពាក់ព័នជាច្រើនរូបចូលរួមផងដែរ។
ក្នុងឱកាសនោះ ដៃគូអភិវឌ្ឍន៏នានា បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ និងធ្វើការប្រកបដោយប្រសិទ្ឋិភាពខ្ពស់ចំពោះការប្រយុទ្ឋប្រឆាំងកូវីដ១៩ ការធ្វើគម្លាតសង្គម និងអន្តរាគមន៏ ទំាងផ្នែកសុខាភិបាល និងជំនួយសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះបានទាន់ពេលវេលា។ កូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ពិសេសវិស័យកាត់ដេរ និងទេសចរណ៏។ ក្រុមដៃគូអភិវឌ្ឍន៏បានលើកឡើងថា យុទ្ធសាស្រ្តជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ស្របទៅនឹងសេចក្តីថ្លែងការណ៏រួមរបស់អង្គការសហប្រជាជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលខ្លឹមសារសង្ខេបនោះមាន៦ចំណុចសំខាន់ៗ៖ ទី១. លើកកម្ពស់របបអាហាររូបត្ថម្ភ, ទី២. លើកកម្ពស់អាហារូបត្ថម្ភសម្រាប់មាតា ទារក និងកុមារតូច, ទី៣.ជំនួយសង្គម ពិសេសសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ, ទី៤. កែប្រែពីការផ្តល់អាហារតាមសាលារៀន មកផ្តល់អាហារតាមផ្ទះវិញ, ទី៥. គ្រប់គ្រងកុមារ និងម្តាយដែលមានសុខភាពស្គាំងស្គមខ្វះជីវជាតិអាហារ និងទី៦. ឃ្លាំមើល និងតាមដានការអនុវត្តយុទ្ឋសាស្រ្តជាតិសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ។ ចំណុចទាំង៦នេះ យើងត្រូវអនុវត្តជាបណ្តើរៗដោយមិនចាំបាច់រងចាំដល់កូវីត១៩ ចប់នោះទេ។
ក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, ឯកឧត្តឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៏ទាំងអស់ដែលបានផ្លាស់វេនគ្នា ធ្វើជាសហប្រធានក្នុងការជួយសម្របសម្រួលក្រុមការងារបច្ចេកទេស និងការចូលរួមដ៏សកម្មពីបណ្តាអង្គការដៃគូនានា និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ឋនានា ក្នុងការរៀបចំយុទ្ឋសាស្ត្រជាតិលើកទី២ស្តីពីយុទ្ធសាស្រ្តជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០១៩-២០២៣ ព្រមទាំងជួយការងារចលនាបង្កើនអាហារូបត្ថម្ភ និងសូមគាំទ្រដល់អង្គការយូនីសេហ្វ អង្គារសុខភាពពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិដែលបានចេញសេចក្តីថ្លែងការរួមស្តីពីអាហារូបត្ថម្ភក្នុងបរិបទនៃការរាតត្បាតជាសកលនៃកូវីដ១៩។ ឯកឧត្តឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីអនុវត្តអទិភាពនានាក្នុងយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ និងអនុវត្តសំណុំសកម្មភាពទាំង៦ ដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៏រួម យើងត្រូវរៀបចំក្រុមការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីអនុវត្ត។ ឯកឧត្ត ក៏បានផ្តល់នូវអនុសាសន៏មួយចំនួន ក្នុងនោះទី១.លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសត្រូវបន្តសហការជាមួយដៃគូអភិវឌ្ឍន៏ ដើម្បីរៀបចំផែនការរយៈពេលមធ្យម និងវែង ដើម្បីឆ្លើយតបនឹងផលប៉ះពាល់បញ្ហាកូវីដ១៩ ទៅនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភដោយផ្សារភ្ជាប់នឹងយុទ្ឋសាស្រ្តជាតិលើកទី២ ឆ្នាំ២០១៩-២០២៣, ទី២. ផ្សព្វផ្សាយសេចក្តីថ្លែងការណ៏ខាងលើដល់ក្រសួង ស្ថាប័នពាក់ព័ន្ឋ, ទី៣. អគ្គលេខាធិការដ្ឋានត្រូវបន្តតាមដានផលប៉ះពាល់លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការឆ្លើយតបនានា, ទី៤. សូមឲ្យមានកិច្ចប្រជុំ៣ខែម្តងក្នុងរូបភាពតូចជាមួយដៃគូអភិវឌ្ឍន៏សំខាន់ៗ ដើម្បីចែករំលែកព័ត៌មាន និងដោះស្រាយបញ្ហាគោលនយោបាយផ្សេងៗតាមការចាំបាច់ជាក់ស្តែង, ទី៦. ចំពោះការងារប្រជុំបច្ចេកទេសផ្សេងៗទៀត ដែលតម្រូវឲ្យមានការចូលរួមពីក្រសួង និងអង្គភាពពាក់ព័ន្ឋ សូមប្រជុំតាមអនឡាញ។






