២៣សប្តាហ៍ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនឈាមនៅខេត្តព្រះសីហនុ កើតឡើងចំនួន១២៥ករណី បើប្រៀបធៀបទៅនឹង ២៣សប្តាហ៍ ឆ្នាំ២០១៩ មានការថយចុះចំនួន៤ដង
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមបំរុងសម្ភារៈបរិក្ខារ ចុះដាក់ថ្នាំអាល់ប៊ែត និងបាញ់ថ្នាំសម្លាប់មូសខ្លាក្នុងខេត្តព្រះសីហនុ ដើម្បីការពារការកើតមានជំងឺក្រុន ឈាម ដោយមានការចូលរួមពីមន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរក្រុង ស្រុក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
លោក ម៉ាង ស៊ីណេត បានធ្វើការណែនាំដល់អាជ្ញាធរក្រុង ស្រុក វិស័យពាក់ពន្ធ័អោយបានទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយល់ដឹងអំពីហានិភ័យ និងវិធីបង្ការទប់ស្កាត់ នៃជំងឺគ្រុនឈាមនេះ។
លោក ក៏បានរំលឹកប្រជាជនទូទៅថា ត្រូវធ្វើអនាម័យនៅតាមលំនៅដ្ឋាន កុំឱ្យមានទឹកដក់ក្នុងសំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ ដែលជាជម្រកមូសខ្លា ដើម្បីការពាសុខុមាលភាពកូនចៅ និងខ្លួនយើងព្រោះជំងឺគ្រុនឈាម វាកើតលើកុមារ និងមនុស្សចាស់ផងដែរ និងជម្រុញឱ្យអាជ្ញាធរ អង្គភាពពាក់ពន្ធ័ សាខាកាកបាទក្រហមខេត្ត បើកយុទ្ធនាការចុះដាក់ថ្នាំអាល់ប៊ែតនៅតាមខ្នងផ្ទះប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ក្រុង ស្រុក ឱ្យបានឆាប់កាន់តែល្អ។
លោក ទី លីឡេង ប្រធានកម្មវិធីគ្រុនឈាមខេត្តព្រះសីហនុបានបញ្ជាក់ថា មកដល់២៣សប្តាហ៍ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនឈាមនៅខេត្តព្រះសីហនុ កើតឡើងចំនួន១២៥ករណី បើប្រៀបធៀបទៅនឹង ២៣សប្តាហ៍ ឆ្នាំ២០១៩ កើតមានចំនួន៤៦៧ករណី ថយចុះ៤ដង ដោយសារតែឆ្នាំ២០១៩ នៅទូទាំងប្រទេសកម្ពុជាវាបានផ្ទុះនូវជំងឺគ្រុនឈាម ហើយជំងឺនេះរយៈពេល៤ឆ្នាំ វាផ្ទុះម្តងព្រោះជំងឺគ្រុនឈាមវាកើតឡើងតាមរដូវកាល។
តែយ៉ាងណាលោក ទី លីឡេង បានឱ្យដឹងទៀតថា អាល់ប៊ែត និងថ្នាំបាញ់សម្លាប់មូសខ្លា ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពក្រុង ស្រុករួចរាល់ហើយដែរ ដើម្បីត្រៀមចែកជូនប្រជាជនយកទៅប្រើនិង មន្ត្រីសុខាភិបាលតាមមូលដ្ឋានចុះបាញ់សម្លាប់មូសខ្លានៅតាមចំណុចគោលដៅ៕ សាវ៉ុន




