មន្រ្តីក្រសួងបរិស្ថានលើកទឺកចិត្តឱ្យបង្កើនការដាំដើមឈើនៅតាមទីសាធារណៈសាលារៀននិងវត្តអារាម
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ជាមួយការទទួលបានម្លប់ត្រជាក់និងបរិស្ថានកាន់តែស្អាតបរិសុទ្ធល្អនោះមន្ត្រីនៃ ក្រសួងបរិស្ថានបានលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមដាំដើមឈើនៅតាមទីសាធារណៈ សាលារៀន វត្តអារាមនិងនៅតាមក្រសួង មន្ទីរអង្គភាពនានា។
ការលើកទឹកចិត្តឱ្យបង្កើនការដាំដើមឈើនេះធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថាការដាំដើមឈើគឺមិនត្រឹមតែផ្តល់ម្លប់ត្រជាក់ទេប៉ុន្តែវាក៏ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបង្កើនភាពបៃតង ចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី បង្កើនគុណភាពខ្យល់ ថែរក្សាគុណភាពដី និងការពារប្រភពទឹកក្រោមដីសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត បន្ថែមពីលើព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិដែលកម្ពុជាមានស្រាប់ និងបានកំពុងការពារនិងអភិរក្ស។
ឯកឧត្តម រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ព្រៃឈើដើរតួនាទីសំខាន់ក្នុងការការ ពារប្រព័ន្ធអេកូឡូស៊ីដែលយើងចាំបាច់ត្រូវដាំបន្ថែមពីលើឈើធម្មជាតិដែលកម្ពុជាមាន។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាបច្ចុប្បន្ន គម្របព្រៃឈើកម្ពុជាមានជាង ៨,៥ លានហិកតាស្មើនឹង ៤៦,៨៦ភាគរយ នៃផ្ទៃដីសរុប របស់កម្ពុជា។ដោយឡែកផ្ទៃដីព្រៃឈើដែលស្ថិតក្រោមការការពារនិងអភិរក្សដោយក្រសួងបរិស្ថានមានទំហំប្រមាណ ៧,៣ លានហិកតាដោយចែកចេញជា ៦៥ តំបន់ការពារធម្មជាតិដែលរួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង រួមនឹងរបៀងអភិរក្សជីវៈចម្រុះ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថានៅពេលតាមទីប្រជុំជន និងភូមិដ្ឋានប្រជាពលរដ្ឋមានភាពបៃតង នោះនឹងចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឱ្យខ្យល់បរិសុទ្ធ រក្សាគុណភាពដី និងប្រភពទឹកក្រោមដី និងជាផ្នែកមួយនៃការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
លើសពីនេះឯកឧត្តមនេត្រភក្ត្រាបានគូសបញ្ជាក់ដែរថាការបង្កើនភាពបៃតងនៅក្នុងសហគមន៍ដោយការដាំដើមឈើនិងការសម្អាតអនាម័យបរិស្ថានជាប្រចាំនោះនឹងធ្វើឱ្យភូមិដ្ឋាន សហគមន៍និងទីក្រុង របស់យើងមានបរិស្ថានល្អស្អាត មានអនាម័យ និងផ្តល់នូវផាសុកភាពដល់ការរស់នៅ និងធ្វើឱ្យសហគមន៍ របស់យើងមានសុខភាពល្អ ដែលស្របនឹងទិសស្លោកនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ ២០២០ គឺ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ជាពិសេស អាជ្ញាធរ និងមន្ត្រីរាជការនៃខេត្តព្រះវិហារ យុវជន សិស្ស និស្សិត នៅជុំវិញខេត្ត ដែលតែងតែគាំទ្រដល់គ្រប់ចលនាបរិស្ថាន។
ឯកឧត្តមសង្ឃឹមថាការប្រារព្ធទិវានេះនឹងក្លាយជាចរន្តចលករដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំណល់ និងមិនបោះចោលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទូទាំងប្រទេស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង។
ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការថែរក្សាបរិស្ថានរួមមាន៖ អនាម័យខ្លួនឯងជាប្រចាំ, ទុកដាក់សំរាមឱ្យត្រូវក្នុងធុង, ស្រឡាញ់ ការពារ និងដាំដើមឈើ៕