World Bank ព្យាករណ៍ថាមនុស្សជិត 115 លាននាក់នឹងធ្លាក់ចូលបន្ទាត់ក្រីក្រខ្លាំងដោយសារកូវីដ19
បរទេស ៖ យោងតាមរបាយការណ៍ភាពក្រីក្រ និងវិបុលភាពឆ្នាំ2020 (PSPR2020) របស់ធនាគារពិភពលោក WORLD BANK បានបង្ហាញថា បញ្ហាកូវីដ19នឹងអាចជំរុញឲ្យពលរដ្ឋប្រមាណជា 88 ទៅ 115 លាននាក់ ធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រខ្លាំង។
ក្នុងនោះផងតួលេខក៏អាចឲ្យយើងឃើញបានដែរថា ពលរដ្ឋនៅអាស៊ីខាងត្បូងគឺមានចំណែក 63 ភាគរយនៃចំនួនព្យាករណ៍ខាងលើនេះ ពោលគឺពួកគេរស់នៅដោយទទួលបានប្រាក់ចំណូលទាបជាង 1.9 ដុល្លារអាមេរិកក្នុងមួយថ្ងៃប៉ុណ្ណោះ។

ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើងផ្អែកទៅលើរបាយការណ៍ទស្សនៈលើវិស័យសេដ្ឋកិច្ចជាសកល ឬ Global Economic Prospects (GEP)កាលពីខែមិថុនា ប៉ុន្តែនឹងមានការផ្លាស់ប្តូរនៅក្រោយពេលដែលរបាយការណ៍របស់ GEP នឹងចេញផ្សាយម្តងទៀតនាខែមករាឆ្នាំ2021 ខាងមុខ។
ដោយឡែកការព្យាករណ៍ដដែលរបស់ PSPR 2020 ក៏បានបង្ហាញដែរថាពលរដ្ឋក្រីក្រដែលនឹងរស់នៅក្រោមសន្ទស្ស 3.2 ដុល្លារអាមេរិកក្នុងមួយថ្ងៃក៏មានកើនឡើងខ្លាំងដូចគ្នាដែរគឺពី 125 លាននាក់កាលពីខែមេសា ឆ្នាំនេះទៅដល់ 242 ឬ 257 លាននាក់ក្នុងខែតុលា ហើយអាស៊ីខាងត្បូងដដែលចាប់យកចំណែក71 ភាគរយនៃចំនួនសរុបនេះ៕