កងពលតូចថ្មើរជើងលេខ៥១ភាគពាយ័ព្យប្រទេស បិទវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ព និងបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពកងទ័ព
បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ សិក្ខាកាមសរុបចំនួន១៥០នាក់ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែងចំនួន៣វគ្គ ដែលមានសិក្ខាកាមសរុបចំនួន៤៥០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ,៥១៤ និងអង្គភាពចំណុះទីបញ្ជាការកងពល។
ពិធីនោះ ធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥។ តាមរបាយការណ៍ វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣មានសិក្ខាកាមសរុបចំនួន១០០នាក់ និងវគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធមានសិក្ខាកាម៥០នាក់ ដែលហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ ត្រូវបញ្ចប់នៅថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០។
វគ្គហ្វឹកហ្វឺននោះ ធ្វើយុទ្ធដំណើរទ័ពចម្ងាយ២៤គីឡូម៉ែត្រ និងបាញ់គ្រាប់ពិតអាវុធប្រភេទAK47 និងPKMS។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំកងពល ក៏ដូចជានាយ-ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តន៍តាមផែនការរបស់ថ្នាក់លើ ពិសេសគឺបានបើកវគ្គហ្វឹកហ្វឺន តាមផែនការចំនួន៦វគ្គ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានគុណភាព។
លោកបានបន្តថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ឪកាសមាសសម្រាប់កងទ័ពគឺខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភាពទឹកដី ដែលជាកតព្វកិច្ចរបស់យោធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តភារកិច្ចពីរៀមច្បងដែលមានវ័យចាស់។ ស្ថិតនៅក្នុងផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងទ័ពជើងគោក ឱកាសសម្រាប់នាយ-ពលទាហានវ័យក្មេង ត្រូវខិតខំ ហ្វឹកហ្វឺនរៀនសូត្រ បំប៉នពង្រឹងជំនាញ និងបញ្ចេញសមត្ថភាព ព្រោះថាការតែងតាំង ឬតម្លើងឋានន្តរសិក្ក័ ធ្វើឡើងដោយសមត្ថភាពពិតប្រាកដ គ្មានបក្សពួក គ្មានការសូកប៉ាន់ណាមួយឡើយ។
ក្នុងឪកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណចំពោះនាយ-ពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១គឺបានខិតខំប្រឹងប្រែងបំពេញបេសកកម្មចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ ការងារមនុស្សធម៌ យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាពរវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាកទីនោះមានមុខកងទ័ពចុះជួយជានិច្ច ពិសេសបំផុតនោះគឺក្នុងអំឡុងពេលទឹកជំនន់ អង្គភាពនេះបានខិតខំរហូតទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ និងប្រជាពលរដ្ឋផងដែរ៕