YouTube លេងមួយក្បាច់ដាក់បន្ថែម ads លើវិដេអូ តែមិនបង់លុយដល់អ្នកផលិតឡើយ
បរទេស ៖ នៅសប្តាហ៍នេះ វេបសាយទស្សនាវិដេអូល្បីបំផុតលើពិភពលោក YouTube បានប្រកាសថា ខ្លួននឹងចាប់ផ្តើមមុខងារថ្មីមួយដែលបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្ម adsទៅលើវិដេអូជាច្រើនដោយមិនចាំបាច់ចែករំលែកប្រាក់ចំណូលនេះជាមួយនឹងម្ចាស់កម្មសិទ្ធិវិដេអូឡើយ។
យើងបានដឹងរួចមកហើយថា ជាធម្មតា YouTube នឹងត្រូវចែករំលែកប្រាក់កម្រៃដែលទទួលបានពីម្ចាស់ផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមអ្នកផលិតវិដេអូស្ថិតនៅក្រោមកិច្ចព្រមព្រៀងគ្នាដែលហៅថា
partnership scheme នៅរាល់ពេលដែលផ្ទាំង ads ទាំងនោះនឹងត្រូវដាក់បង្ហាញលើវិដេអូរបស់ពួកគេ ប៉ុន្តែមកដល់ពេលនេះ YouTube បាននិយាយថាខ្លួននឹងចាប់ផ្តើមដាក់ផ្ទាំង adsទៅលើវិដេអូ និងប៉ុស្តិ៍ទាំងឡាយដែលមិនទាន់មានកិច្ចព្រមព្រៀង partnership scheme ជាមួយគ្នាដោយមិនចាយលុយសោះឡើយ។
គួរឲ្យដឹងដែរថា YouTube Partner Programme ទាមទារឲ្យអ្នកផលិតវិដេអូ និងប៉ុស្តិ៍ YouTube ទាំងនោះមានអ្នកចុចតាមដាន subscribers ច្រើនជាង 1000 គណនេយ្យ និងមានចំនួនអ្នកទស្សនាក្នុងមួយឆ្នាំទៅដល់ 4000 ម៉ោងផងដែរ។
ទោះបីជាយ៉ាងណាក្តីប៉ុស្តិ៍ YouTube ដែលត្រូវបានដាក់ ads លើវិដេអូរបស់គេហើយមិនបានទទួលប្រាក់កម្រៃនោះនៅតែអាចដាក់ពាក្យស្នើសុំកម្មវិធី YouTube Partner Programme នេះជាធម្មតានៅពេលដែលពួកគេបំពេញបានតាមគ្រប់លក្ខខណ្ឌ៕