នាយករដ្ឋមន្រ្តីអេស្ប៉ាញប្រកាសនឹងបើកទ្វារព្រំដែនទទួលភ្ញៀវទេសចរមកពីប្រទេសមួយចំនួនឡើងវិញ ក្រោយស្ថានភាព COVID-19 ធូរស្រាល

អត្ថបទដោយ៖
Kien Sereyvuth

អេស្ប៉ាញ៖ អេស្ប៉ាញនឹងបើកទ្វារព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរមកពីតំបន់ ស៊ិនជិន ដែលគិតចាប់ពីថ្ងៃទី២១ ខែមិថុនាតទៅ ពោលគឺមុន១០ថ្ងៃលឿនជាងផែនការដែលបានគ្រោងទុក នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក ផេដ្រូ សាន់ឆេស និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២០ ។

ការប្រកាសពីការបើកទ្វារព្រំដែនខាងលើនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអេស្ប៉ាញ ដើម្បីបន្ធូរបន្ថយវិធានការរឹតត្បិតប្រទេស ខណៈប្រទេសមួយនេះបន្តមើលឃើញពីស្ថានភាពប្រសើរឡើង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតសកល COVID-19 ។

លោក ផេដ្រូ សាន់ឆេស បន្ថែមថា វិស័យទេសចរណ៍គឺជាកូនសោរដ៏សំខាន់ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ លោកថា ការបើកទ្វារព្រំដែននេះ គឺដើម្បីទទួលភ្ញៀវទេសចរមកពីតំបន់ ស៊ិនជិន ដែលក្នុងនោះភាគច្រើនមកពីសហភាពអឺរ៉ុប និងបណ្តាប្រជាជាតិមិនមែនសហភាពអឺរ៉ុបមួយចំនួន ដូចជាប្រទេសន័រវ៉េជាដើម ។

សូមជម្រាបថា អេស្ប៉ាញស្ថិតនៅលំដាប់ទី៦ ក្នុងចំណោមប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ អេស្ប៉ាញមានអ្នកឆ្លងសរុប២៩ម៉ឺន១ពាន់៨ករណី ក្នុងនោះមានអ្នកស្លាប់សរុប២ម៉ឺន៧ពាន់១៣៦នាក់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner