សហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងដំបូង ដើម្បីធានាទទួលបាន វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

អឺរ៉ុប៖ បណ្តាប្រទេសធំៗរបស់សហភាពអឺរ៉ុប ក្នុងនោះរួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី និង ហូឡង់បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ អាស់ត្រាហ្ស៊េណេកា (AstraZeneca) ដើម្បីធានាផ្គង់ផ្គង់អនាគតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន៣០០លានដូស សម្រាប់ប្រទេសសមាជិកសហភាពអឺរ៉ុប នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

ដើម្បីទទួលបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន និងមុនគេ គណៈកម្មការអឺរ៉ុបគ្រោងនឹងប្រើកញ្ចប់ថវិកាជាង២ពាន់លានអឺរ៉ូ សម្រាប់កិច្ចសន្យាទិញវ៉ាក់សាំងបង្ការជំងឺCOVID-19 ។ ដោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតឱសថ អាស់ត្រាហ្ស៊េណេកា នោះ បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ចង់បានការធានាថា ប្រទេសសមាជិកសហភាពអឺរ៉ុប នឹងទទួលបានវ៉ាក់សាំងបង្ការជម្ងឺ COVID-19  មុនគេ នៅថ្ងៃណាដែលគេរកឃើញវ៉ាក់សាំង ។

បន្ទាប់ពីបង្កើតឡើងកាលពីឆ្នាំ ១៩៩៩ នៅក្រោយការច្របាច់ចូលគ្នារវាងក្រុមហ៊ុនផលិតឱសថស៊ុយអែត និងអង់គ្លេស នោះ អាស់ត្រា ហ្ស៊េណេកា កំពុងសហការជាមួយអ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យអង់គ្លេស អ៊ុកហ្វ័ដ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ។ បើតាមក្រុមហ៊ុនផលិតឱសថនេះ ការធ្វើតេស្តសាកល្បងទៅលើមនុស្សកំពុងដំណើរការនៅអង់គ្លេស និង ប្រេស៊ីល ដែលនឹងអាចផ្តល់លទ្ធផលពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅខែកញ្ញាខាងមុខ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner