កម្មវិធីផ្សព្វផ្សាយស្តីពីការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាជីវកម្មធានី ឥណទានកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកម្មវិធីផ្សព្វផ្សាយ ស្តីពីការបង្កើត សាជីវកម្មធានាឥណទានកម្ពុជា។ កម្មវិធីផ្សព្វផ្សាយនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ធនាគារជាតិនៃកម្ពុជា, សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា , គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៤៥។
គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជានេះ គឺជាយន្តការឆ្លើយតបបន្ទាន់ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តតាមការចង្អុលរបស់រាជរដ្ឋាភិបាល តាមរយៈវិធានការជុំទី៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ -១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។ សាជីវកម្មធានាឥណទានកម្ពុជា មានតួនាទីផ្តល់សេវាធានាឥណទានដល់ក្រុមហ៊ុនអាជីវកម្មធុរកិច្ចនៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ ជាទុនបង្វិលរបស់ខ្លួន សំដៅបន្តនិរន្តភាពអាជីវកម្ម និងសម្របទៅបរិបទ នៃធុរកិច្ចថ្មី បន្ទាប់ពីវិបត្តិជំងឺកូវិដ-១៩ ។
យន្តការធានាឥណទាន គឺជាការចែករំលែកហានិភ័យ ដែលក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា ត្រូវពិនិត្យ លទ្ធភាពរួមគ្នាជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបើកឱកាសដល់ក្រុមហ៊ុនធុរកិច្ច ជាពិសេស សហគ្រាសធុនតូចនិងមធ្យម អាចទទួលបានឥណទានពិសេសក្រៅពីយន្តការដែលមានស្រាប់។ សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនរដ្ឋ ដោយអនុក្រឹត្យលេខ ១៤០ អនក្រ .បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀត សម្រាប់កំណត់ត្រាប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុនៅកម្ពុជា ដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជា បានផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល។ សាជីវកម្មធានាឥណទាន កម្ពុជា នឹងទំលុះរបាំងដែលរាំងស្ទះ ដល់ដំណើរការនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱកាសថ្មីៗ ដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការពង្រីកវិសាលភាពមូលដ្ឋានអតិថិជនរបស់ខ្លួន។ ទន្ទឹមនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏នឹងបង្កើនលទ្ធភាពទទួលហិរញ្ញប្បទានរបស់ក្រុមហ៊ុនធុរកិច្ច ជាពិសេស សហគ្រាស ធុនតូចនិងមធ្យម ដែលជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន ដោយសារបញ្ហាប្រឈមចម្បងកន្លងមកគឺតម្រូវ ឱ្យមានទ្រព្យបញ្ចាំតែមួយមុខគត់។ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា រាជរដ្ឋាភិបាលនឹងចូលរួមចែករំលែក ហានិភ័យជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងប្រតិបត្តិការឥណទានក្នុង គោលដៅជំរុញឱ្យមានកំណើនឥណទានបន្ថែម (Credit Additionality) និងកំណើនសកម្មភាពសេដ្ឋកិច្ចបន្ថែម (Economic Additionality) 1
ការបង្កើត សាជីវកម្មធានាឥណទានកម្ពុជា នឹងនាំមកនូវអត្ថប្រយោជន៍ ដល់សេដ្ឋកិច្ចកម្ពុជា រួមមាន ជំរុញ បរិយាបន្នហិរញ្ញវត្ថុ, គាំទ្រ ប្រភពកំណើន ថ្មី , និងពិពិធកម្មសេដ្ឋកិច្ច ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម, ឆ្លើបតបបញ្ហាប្រឈរមក្នុងទីផ្សារឥណទាន បំពេញតម្រូវការ និងឆ្លើយតបបញ្ហាប្រឈមទាំងនៅក្នុងសេដ្ឋកិច្ច, និងសង្គម, ព្រមទាំងបង្កបរិយាកាសក្នុងការបង្កើតផលិតផលកម្ចីថ្មីៗ។ ជារួម សាជីវកម្មធានាឥណទានកម្ពុជា នឹងចូលរួម កាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវិដ-១៩ ទៅលើអាជីវកម្ម និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅ ក្នុង រយៈពេលវែង។
ជាចុងបញ្ចប់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ នៃ -ស្ថាប័ន, សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ, គ្រឹះស្ថានធនាគារ, និងមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីដ៏មានអត្ថន័យនេះ។( Limhouth Veng )



