អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារតាមការិយាល័យចំនួន៣០ចំណុះអគ្គាធិការដ្ឋាន
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារតាមការិយាល័យទាំង៣០ ចំណុះអគ្គាធិការដ្ឋាន។ ដោយអញ្ជើញចូលរួមកិច្ចប្រជុំនេះមាន ប្រធាន-អនុប្រធាននាយករដ្ឋបាលសរុប ប្រធានការិយាល័យ និងនាយការិយាល័យទាំងអស់។

ឯកឧត្តមបានថ្លែងថា គោលបំណងកិច្ចប្រជុំនេះ ដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ ចំណុចខ្វះខាត សំណូមពរ បញ្ហាប្រឈមនានាតាមការិយាល័យ ដើម្បីពង្រឹងបន្ថែមចំណុចដែលល្អ និងកែលម្អចំណុចខ្វះខាតទាំងនោះ សំដៅបង្កើនប្រសិទ្ធភាពការងារកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមបន្តថ្លែងទៀតថា កិច្ចប្រជុំនេះ នឹងធ្វើឡើងរាល់ត្រីមាស ឬឆមាសម្តង ដើម្បីបង្កើនភាពស្និទ្ធស្នាល ស្វែងយល់គ្នា និងផ្សារភា្ជប់រវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមការិយាល័យដែលជាអ្នកអនុវត្តន៍ការងារផ្ទាល់តែម្តងរបស់អគ្គាធិការដ្ឋាន។

ឯកឧត្តមបានលើកឡើងថា អគ្គាធិការដ្ឋានបានដាក់ចុះផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ដែលជាផែនទីបង្ហាញផ្លូវមួយ ហើយតាមការិយាល័យត្រូវស្វែងយល់ និងអនុវត្តន៍ដោយត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួនឲ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គាធិការដ្ឋាន។ បន្ទាប់មក ឯកឧត្តមបានមានមតិដឹកនាំ និងណែនាំចំពោះការងារមួយចំនួន ដល់ប្រធានការិយាល័យ នាយការិយាល័យ លើកិច្ចការអនុវត្តកន្លងមក បច្ចុប្បន្ន និងទិសដៅការងារបន្តរបស់អគ្គាធិការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមបានអនុញ្ញាតប្រធានការិយាល័យ នាយការិយាល័យ លើកជាយោបល់ ទស្សនៈ ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ បញ្ហាប្រឈមក្នុងពេលបាន និងកំពុងអនុវត្តន៍ការងាររបស់ខ្លួន៕

