ពលរដ្ឋរិះគន់នគរបាលចរាចណ៍ដាក់គោលដៅនៅមុខវត្តត្រពាំងឈូក ស្រុកស្អាង និងស្នើរសុំផ្លាស់ប្តូរទីតាំង
កណ្តាល៖ ប្រជាពលរដ្ឋមានការហួសចិត្តជាខ្លាំង ខណៈដែលនគរបាលចរាចរណ៍ស្រុកស្អាង បានដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍នៅចំណុចផ្លូវកោង ទល់មុខវត្តត្រពាំងឈូក តែម្តង ដែលបង្កអោយមានការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរ និងជាពិសេសផ្លូវក្លោងទ្វារដែលចូលទៅក្នុងវត្ត គឺសុទ្ធតែរថយន្តដឹកដី ដឹកទំនិញឈប់ពេញ ពេលនគរបាលចរាចរណ៍ធ្វើការផាកពិន័យ។
បញ្ហានេះ ក៏ធ្វើអោយព្រះសង្ឃ លោកតា យាយជី ដែលគង់នៅក្នុងវត្តពិបាកធ្វើដំណើរ ចេញចូល ផងដែរ និង ស្នើសុំអោយផ្លាស់ប្តូរទីតាំង ពីព្រោះជាផ្លូវកោង តូចចង្អៀត ។ ទីតាំងដែលនគរបាលចរាចរណ៍ដាក់គោលដៅ នេះ ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តរអោយដឹងទៀតថា នគរបាលដែលដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍នៅចំណុចមុខវត្តត្រពាំងឈូកនោះ គឺ ដាក់អោយតែល្អមើលទេ ដោយអង្គុយ និងឈរ ចាំចាប់ឃាត់រថយន្តដឹកដី ដឹកខ្សាច់ និងដឹកទំនិញពីជ្រៃធំ ស្រុកកោះធំ យកលុយតែប៉ុណ្ណោះ ពេលឃាត់ម្តងៗ មិនមានចេញវិកយប័ត្រឡើយ ពោលគឺហុចលុយ អោយបើករថយន្តចេញ ដោយគ្មានការត្រួតពិនិត្យ អ្វីទេ។
ជុំវិញបញ្ហានេះដែរទូរទស្សន៍អប្សារាបានទំនាក់ទំនងទៅលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង តែលោកឆ្លើយថា កំពុងរវល់បើកឡានមិនអាចនិយាយបានទេ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោក ថ្លែងថា កាដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍គឺ មួយស្រុក មានគោលដៅមួយ តាមគោលការណ៍របស់លោកស្នងការ ហើយក្រុមចរាចរណ៍ខេត្ត មានបីក្រុមចល័ត។
បញ្ហាទាំងនេះ លោកស្នងការរង នឹងអោយមានការផ្លាស់ប្តូរទីតាំង តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ។ ចំពោះបញ្ហាពួកគាត់ដែលធ្វើអ្វីផ្តេសផ្តាសសខុសពីច្បាប់ដែលកំណត់នោះ លោកនឹងតម្រូវអោយមានការកែប្រែជាបន្ទាន់ ៕ធ.ដ



