កម្មករបាត់បង់ការងារកើនតិចតួច ខណៈចំនួនរោងចក្រប្រហែលគ្នាទៅនឹងឆ្នាំមុន នៅបន្តបិទទ្វារ
ភ្នំពេញ ៖ ក្នុងរយៈពេល 9 ខែឆ្នាំនេះ មានរោងចក្រចំនួនជាង 100 ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ បានបិទដំណើរការ ដោយតួលេខនេះគឺប្រហែលគ្នានឹងឆ្នាំមុនដែរ ក៏ប៉ុន្តែចំនួនកម្មករដែលបាត់បង់ការងារបានកើនឡើងបន្តិចបន្តួចតែប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងមន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ង៉ុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹម 9 ខែដើមឆ្នាំ2020 កន្លងមកនេះ មានរោងចក្រចំនួន 111 ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ បានបិទទ្វារឈប់ដំណើរការ តែចំនួននេះគឺប្រហែលនឹងចំនួនរោងចក្រដែលបានបិទក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ2019 ដែលមានចំនួន110 ក្នុងវិស័យដូចគ្នា។

លោកបានបញ្ជាក់ថា ៖ «ការបិទនេះបានធ្វើឱ្យកម្មករនិយោជិតប្រមាណជា 55.174 នាក់ បាត់បង់ការងារដែលចំនួនកម្មករទាំងនេះមានការកើនឡើងបន្តិច ដែលក្នុងរយៈពេលដូចគ្នានៅឆ្នាំមុនមានកម្មករនិយោជិតចំនួន 53.226 នាក់បានបាត់បង់ការងារ»។
លោក ង៉ុយ រិទ្ធ បានបញ្ជាក់ថា ករណីនេះបានបង្ហាញអំពីប្រសិទ្ធភាពនៃវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំឱ្យរោងចក្របិទទ្វារក្នុងចំនួនយ៉ាងគំហុក ខណៈទីផ្សារផលិតផលកាត់ដេរក្នុងពិភពលោកសឹងតែបិទទាំងស្រុង។
ចំពោះស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបានធូរស្រាលជាបណ្តើរៗដោយចំនួនរោងចក្រដែលកំពុងព្យួរបានថមចុះមកត្រឹមចំនួន 52 រោងចក្រ ដែលនៅប៉ះពាល់ដល់ការងារកម្មករនិយោជិតតែប្រមាណ 14000 នាក់ប៉ុណ្ណោះនៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ។
ចាប់ពីខែមករា ឆ្នាំ2021 កម្ពុជានឹងទទួលបាននូវការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារចក្រភពអង់គ្លេស (UK) ដែលក្នុងនោះសម្លៀកបំពាក់ក៏ជាទំនិញនាំចេញមួយដែលអាចនឹងធ្វើឱ្យកម្មករមួយចំនួនមានលក្ខខណ្ឌការងារល្អ និងមានការងារធ្វើឡើងវិញជា បណ្តើរៗ ដែលជាហេតុផលល្អសម្រាប់កម្មករនិយោជិតក្នុងវិស័យទាំងនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺកូវីដ-19 ជុំទី6 ចាប់ពីខែតុលារហូតដល់ខែធ្នូ ឆ្នាំ 2020។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាសម្រាប់ជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-19 ចាប់ពីជុំទី1 រហូតដល់ជុំ6 ដែលមានទឹកប្រាក់ប្រមាណជាង 1000 លានដុល្លារអាមេរិក ៕