ដាក់ទោសប្រធានផ្នែកសន្តិសុខរបស់ Apple ក្រោយរកឃើញពាក់ព័ន្ធករណីពុករលួយ
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះបានសរសេរថាលោក Thomas Moyer ដែលមានតួនាទីជាប្រធានផ្នែកសនិ្តសុខរបស់ក្រុមហ៊ុន Appleត្រូវបានរងការចោទប្រកាន់ថាបានផ្តល់ជាប្រាក់សំណូកដល់ទៅ 70 000 ដុល្លារអាមេរិក ដើម្បីអាចទទួលបានលិខិតកាន់កាប់អាវុធមួយ។
ការកាត់ទោសដែលត្រូវបានធ្វើឡើងដោយតុលាការនៃរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទម្សិលមិញ ប៉ុន្តែមកដល់ពេលនេះ Apple នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយដើម្បីឆ្លើយតបអំពីបញ្ហានេះនៅឡើយខណៈដែលករណីពុករលួយនេះក៏ត្រូវបានគេដឹងដែរថាមានការចូលរួមពីសំណាក់ប៉ូលីសក្នុងតំបន់ចំនួន 2 រូបផងដែរ។

ប៉ូលីសទាំង 2 នាក់ដែលមានលោក Rick Sung និង James Jenson ត្រូវបានតុលាការដាក់ការចោទប្រកាន់ថាបានផ្តល់នូវលិខិតអនុញ្ញាតលាក់បាំងអាវុធទៅឲ្យលោក Moyer ជាថ្នូរទៅនឹង iPads ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា 70 000 ដុល្លារអាមេរិក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាឯកសារស្តីពីការចោទប្រកាន់នេះបានបញ្ជាក់ថាតាំងតែពីថ្ងៃកើតហេតុការណ៍នាខែសីហា ឆ្នាំ ២០១៩ មកម្ល៉េះដែលលោក Sung និងលោក Moyer បានដឹងពីដីកាចាប់ខ្លួន ដើម្បីរឹបអូសអាវុធ និងឯកសារអាជ្ញាប័ណ្ណលាក់បាំងអាវុធនោះមកវិញ៕