សហគ្រិនខ្មែរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ សហគ្រិនខ្មែរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន27 ដែលបានទទួលកញ្ចប់ជំនួយ ជុំទី1 និងជុំទី2 ដើម្បីជួយដោះស្រាយបញ្ហាដល់សហគ្រាសមួយចំនួន ដែលកំពុងជួបបញ្ហាដោយសារជំងឺកូវីដ-19 ។

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងពិធីប្រគល់រង្វាន់សហគ្រិនឆ្នើមនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ 2020ថា សហគ្រិនខ្មែរ ពិតជាដៃគូ សំខាន់ ហើយអាចផ្តល់ការងារ និងផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងផ្សេងទៀតក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ដូច្នេះការបង្កើតឱ្យសហគ្រិនខ្មែរនេះគឺជា ការរៀបចំកម្លាំងមួយសម្រាប់រុញច្រាន កំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍកម្ពុជា ក្នុងការចែករំលែកកម្លាំងចូលរួម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា សហគ្រិនខ្មែរ ជាអង្គភាពចំណុះឱ្យមូលនិធិអភិវឌ្ឍន៍សហគ្រិន ភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមិទ្ធផលដែលក្រុមការងារបានសម្រេចកន្លងមកពីកម្មវិធីរបស់ខ្លួនមានដូចជា កម្មវិធីជំនួយសហគ្រិនខ្មែរ ដែលជួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និង មធ្យមក្នុងបរិការណ៍ជំងឺកូវីដ-19នេះ និងកិច្ចសហប្រតិបត្តិការជាដៃគូនាពេលខាងមុខនេះជាមួយដៃគូ អន្តរជាតិដូចជា៖ 500 Startups សាកលវិទ្យាល័យ Stanford និងសហគ្រិនសិង្ហបុរី (Enterprise Singapore) ជាដើម។

រូបភាព៖ ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តមបានគូសបញ្ជាក់ថា «ទាំងនេះបានបង្ហាញថា គំរូអភិបាលកិច្ច និងអភិក្រមក្នុងការអនុវត្តកម្មវិធីរបស់យើងដែលមានលក្ខណៈបត់បែនរហ័សបានចាប់ផ្តើមបង្កើតសហថាមពលនៅក្នុងប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរធានានូវសមតុល្យរវាងតម្រូវការរបស់ម្ចាស់អាជីវកម្ម និងគោលបំណងនៃកម្មវិធី និងសំខាន់ជាងនេះទៀតកិច្ចការទាំងនេះបាន ផ្តល់នូវទំនុកចិត្តយ៉ាងសំខាន់ទៅដល់ភាគីពាក់ព័ន្ធផ្សេងៗថា ម.អ.ស. នឹងអាចសម្រេចនូវ គោលដៅរបស់ខ្លួន ដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពកម្ពុជាមានការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់សហគ្រិនក្នុងរយៈពេលវែងខាងមុខ»។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបាន ជឿជាក់ថា ជំនួយហិរញ្ញប្បទានកម្មវិធី កញ្ចប់ជំនួយសហគ្រិនខ្មែរនេះ ជាដំណោះស្រាយសម្រាប់គាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែល មានសក្តានុពលក្នុងការចាប់ផ្ដើមប្រតិបត្តិការ អាជីវកម្មឡើងវិញអំឡុងពេល និងក្រោយ វិបត្តិកូ វីដ-19។ សហគ្រិនខ្មែរ នឹងបន្ដដាក់ចេញកម្មវិធីកញ្ចប់ជំនួយជុំទី3 នៅឆ្នាំខាងមុខបន្តទៀត។

ជាមួយគ្នានោះដែរ លោកបណ្ឌិតតាមរយៈកម្មវិធីកញ្ចប់ជំនួយទាំងពីរជុំ សហគ្រិនខ្មែរទទួលបានពាក្យស្នើសុំសរុបពីធុរកិច្ចបង្កើតថ្មី ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមចំនួន 278 ដែលមកពីវិស័យផ្សេងៗគ្នាទូទាំង19រាជធានី _ខេត្ត។ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃដោយសហគ្រិនខ្មែរ និងគណៈកម្មាធិការដែលមកពីវិស័យឯកជនចំនួន 19 រូប បានរកឃើញធុរកិច្ច បង្កើតថ្មី និង SMEs ចំនួន12 ក្នុងជុំទី1 និង ចំនួន15 ក្នុងជុំទី2 ដែលមកពី វិស័យ ផ្សេងៗដូចជា កសិកម្ម/កសិកម្មកែច្នៃ សិប្បកម្មកែច្នៃ សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលទទួលបានកញ្ចប់ជំនួយជាហិរញ្ញប្បទាន ដើម្បីចាប់ផ្ដើមអាជីវកម្មឡើងវិញ។

លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា៖ «សម្រាប់កម្មវិធីកញ្ចប់ជំនួយទាំងពីរជុំនេះ សហគ្រិនខ្មែរ បានប្រើប្រាស់ថវិការសរុបប្រមាណ 400,000ដុល្លារ ជូនទៅដល់ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចាប់ពីចន្លោះ 5,000 ដុល្លារទៅ 20,000 ដុល្លារជាមួយនឹងលក្ខខណ្ឌ ប្រើប្រាស់កញ្ចប់ថវិការរយៈពេល 1ឆ្នាំ ក្នុងការប្រតិបត្តិការអាជីវកម្ម»។កញ្ចប់ជំនួយនេះត្រូវបានអនុវត្តជោគជ័យចំនួនពីរដងរួចមកហើយ ដែលជុំ ទី1បានធ្វើឡើងនៅខែមីនា ខណៈជុំទី2ទើបតែបញ្ចប់កាលពី ខែកញ្ញា»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner