សិក្ខាកាម២០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតអាស៊ានកីឡាសូហ្វតិន្នីស ដោយជោគជ័យ

វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល កម្រិតអាស៊ានកីឡាសូហ្វតិន្នីស បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគារសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីដំណើរការអស់រយៈពេល៤ថ្ងៃកន្លងមក ដោយមានសិក្ខាកាមសរុប២០នាក់ ចូលរួម ។


លោក ជា សែនវិស្សុត អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា សិក្ខា កាមចូលរួមវគ្គនេះ មានចំនួនសរុប២០នាក់ មកពីក្លិប និងសមាគមន៍ចំនួន៥ មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អង្គការមិត្តសំឡាញ់ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលបង្រៀនដោយ គ្រូឧទ្ទេសប្រចាំវគ្គនេះ មានចំនួន៣នាក់ ដូចជាគ្រូជនជាតិកូរ៉េ លោក CHOI CHONG RYU, លោក KIM GUNG JUN និងគ្រូឧទ្ទេសខែ្មរ លោក យី សារិន ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាម ទទួលបានលទ្ធផលល្អ ៧០% ល្អបង្គួរ ២០% និងលទ្ធផលយល់ដឹងក្រោមមធ្យម១០% ។ វគ្គសិក្សានេះផ្តោតសំខាន់លើបទបញ្ជា នៃការប្រកួត, បុគ្គលិកលក្ខណៈអាជ្ញាកណ្តាលកាត់សេចក្តី និងខ្សែបន្ទាត់, ទម្រង់ក្រដាសដាក់ពិន្ទុ (Score Sheet), របៀបដាក់ពិន្ទុ និងបូកហ្គេម, ទ្រឹស្តីអំពីរបៀបមើលបាល់ចេញ-ចូល និងការអនុវត្តផ្ទាល់ នៅលើទីលាន និងដោះស្រាយបញ្ហានៅមុនពេលប្រកួត កំឡុងពេលប្រកួត និងក្រោយពេលប្រកួត ។ ជាមួយគ្នានោះ លោកអគ្គលេខាធិការរូបនេះបានបង្ហាញនូវចំណុចខ្លាំង និងចំណុចនៃការចូលរួម ដើម្បីបន្តការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ប្រសិនបើអាចលុបបំបាត់នូវបញ្ហា ប្រឈមបាន នោះសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងទទួលបានលទ្ធផលល្អប្រសើរឈានទៅរក មេដាយជូនជាតិជាក់ជាមិនខាន ។ ក្នុងនាមសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោកបានប្តេជ្ញា ចិត្តថា នឹងបន្តខិតខំលើគ្រប់ការងារទាំងអស់ ជាពិសេសគឺពង្រឹងនូវវិស័យប្រភេទកីឡាមួយនេះ ឲ្យមានការអភិវឌ្ឍទៅមុខទាំងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសមត្ថភាព និងពង្រឹងកីឡាករ កីឡាការិនី ឲ្យទទួលបានគុណភាពខ្ពស់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ ២០២១ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា មានប្រសាសន៍ ថា នេះជាការខិតខំរៀបចំរបស់សហព័ន្ធ ដែលកំពុងស្ថិតនៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ដើម្បី បណ្តុះបណ្តាលធនធានអាជ្ញាកណ្តាលកីឡាសូហ្វតិន្នីស ក្រោមការបង្ហាត់បង្រៀនពីគ្រូឧទ្ទេសពីគ្រូកូរ៉េ ដែលជាគ្រូកម្រិតខ្ពស់អន្តរជាតិ ។ ឯកឧត្តមបន្ថែមថា ប្រភេទកីឡាសូហ្វតិន្នីសប្រហែល ជាមិនមាន នៅក្នុងស៊ីហ្គេម ២០២១ ប៉ុន្តែយើងមានគោលដៅធំចម្បងចំនួនពីរ នាពេលខាងមុខគឺនោះគឺការទទួល ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នាខែមថុនា ឆ្នាំ២០២១ និង ការប្រកួតកីឡាជើងឯកអាស៊ី កីឡាសូហ្វតិន្នីស មួយទៀត នៅប្រទេសថៃ នាខែវិច្ឆិកា ឆ្នាំ២០២១ ដោយឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យបន្តការ ប្រឹងប្រែង បន្ថែមទៀត ដើម្បីបន្តដំណើរការអភិវឌ្ឍឲ្យកាន់តែមានសក្តានុពល ។

ឯកឧត្តម សង្កត់ធ្ងន់ថា អាជ្ញា កណ្តលក្រៅពីការខិតខំឲ្យការប្រកួតមានសុក្រិតភាព គឺត្រូវតែចេះរៀបចំផែនការបែងចែកការប្រកួត ជាដើម ដោយឯកឧត្តមចាត់ ទុកវគ្គនេះគឺជាការផលិតធនធានឲ្យមន្ត្រីកាត់សេចក្តី ការប្រកួតកម្រិត អាស៊ានប្រចាំប្រទេសកម្ពុជា ដែលត្រូវតែដើរទន្ទឹមគ្នា ក្នុងការអភិវឌ្ឍឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ពីលើឆាកអន្តរជាតិ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner