ក្នុងរយៈពេល9ខែ ទីផ្សារធានារ៉ាប់រងទូទៅបន្តកើនឡើងជាវិជ្ជមាន
ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី3 នៃឆ្នាំ2020 បុព្វលាភទីផ្សារធានារ៉ាប់រងសរុបបានឡើងដល់ 201.7 លានដុល្លារ កើនឡើង 8.2% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2019។ នេះបើយោងតាមរបាយការណ៍របស់សមាគមធានារ៉ាប់រងកម្ពុជា ស្តីពីបច្ចុប្បន្នភាពទីផ្សារធានារ៉ាប់រងរបស់កម្ពុជាក្នុងរយៈពេល9ខែ ឆ្នាំ2020។
កំណើននេះត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារធានារ៉ាប់រងទូទៅដែលបានកើនឡើង 18.2% ទីផ្សារធានារ៉ាប់រងអាយុជីវិត 2.8% ប៉ុន្តែការធានារ៉ាប់រងខ្នាតតូចមានការធ្លាក់ចុះ22%។
បើតាមសេចក្តីប្រកាសរបស់សមាគមធានារ៉ាប់រងកម្ពុជា ចំពោះទីផ្សារធានារ៉ាប់រងទូទៅបានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ដោយបុព្វលាភដុលមានសរុបប្រហែល 87.9 លានដុល្លារនៅត្រីមាសទី3 ឆ្នាំ 2020 កើនឡើងពី 74.4 លានដុល្លារនៅត្រីមាសទី3 ឆ្នាំ 2019។
ការកើនឡើងនៃបុព្វលាភធានារ៉ាប់រងទូទៅ បានមកពីផលិតផលធានារ៉ាប់រងទូទៅស្ទើរតែទាំងអស់ រួមទាំងការធានារ៉ាប់រងផ្នែកវិស្វកម្មមាន 74.2 ការធានារ៉ាប់រងលើយន្តហោះ ដឹកជញ្ជូនតាមនាវា (MAT) មានកំណើន35.3% ការធានារ៉ាប់រងសុខភាពកើន21.5% ធានារ៉ាប់រង ទ្រព្យសម្បត្តិ (អគ្គីភ័យ) 15.9% ធានារ៉ាប់រងយានយន្តកើន 7% និងធានារ៉ាប់រងផ្សេងកើន15.1%ទៀត។ ប៉ុន្តែធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលមានការថយចុះ7.5%។
ដោយឡែកសម្រាប់ទីផ្សារធានារ៉ាប់រងអាយុជីវិតបានកើនឡើងបន្តិច 2.8 នៅត្រីមាសទី3 ឆ្នាំ2020 ខណៈពេលដូចគ្នាក្នុងឆ្នាំ2019 វាបានកើនឡើង 49%។ នេះបង្ហាញពីផលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីជំងឺរាតត្បាតកូវីដ-19នៅលើពិភពលោក។ កូវីដ-19 នេះបានធ្វើឲ្យផលប៉ះពាល់ធ្ងន់ជាងគេ គឺធានារ៉ាប់រងខ្នាតតូច ដែលមានការថយចុះ 21.7% ពោលសម្រេចបានតែ4.1លានដុល្លារប៉ុណ្ណោះ។
សមាគមធានារ៉ាប់រងបានឱ្យដឹងថា ផលិតផលធានារ៉ាប់រងអាយុជីវិតសរុបសម្រាប់ទីផ្សារធានារ៉ាប់រងអាយុជីវិតក្នុងរយៈពេល 9 ខែនៃឆ្នាំ 2020 បានកើនឡើងដល់ប្រមាណ 109.8 លានដុល្លារ ពោលគឺកើនឡើងពី 106.8 លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2019 ដែលបញ្ហាបណ្តាលមកពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-19 ។
សមាគមបានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងផ្តល់នូវកម្រិតសុវត្ថិភាពហិរញ្ញវត្ថុដល់ពលរដ្ឋក៏ដូចជាអាជីវកម្មដែលធ្លាប់មានហានិភ័យនាពេលកន្លងមក។ ចំនួនសំណង ដែលក្រុមហ៊ុនធានារ៉ាប់រងបង់ឱ្យអតិថិជនគិតត្រឹមត្រីមាសទី3 ឆ្នាំ2020 មានចំនួន 21.7 លានដុល្លារអាមេរិក។ ក្នុងសំណងដែលទូទាត់ដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅគឺខ្ពស់ជាងគេមានទឹកប្រាក់ 16.1 លានដុល្លារអាមេរិក ខណៈធានារ៉ាប់រងអាយុជីវិតមាន4.7 លានដុល្លារ និងធានារ៉ាប់រងខ្នាតតូចមាន 75 ម៉ឺនដុល្លារ។ នេះនៅមិនទាន់គិតបញ្ចូលសំណងទៅលើផលប៉ះពាល់ដោយសារទឹកជំនន់នៅឡើយ៕