គណកម្មាជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការធ្វើបច្ចុប្បន្នភាពដំណើរការ ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ ជ ប និង ជាប្រធានដឹកនាំកិច្ចប្រជុំ មានប្រសាសន៌ថា៖ គ ជ ប ត្រៀមអនុវត្តការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ ប ជ នឹងធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុង ឃុំ សង្កាត់នីមួយៗ ចំនួន ៣ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់សម្រាប់ចាត់ចែង បិទផ្សាយ ១ច្បាប់ នៅតាមសាលាឃុំសង្កាត់ បិទផ្សាយ ១ច្បាប់ នៅទីប្រជុំជន ក្នុងឃុំ សង្កាត់ និង រក្សាទុកជាឯកសាររបស់ឃុំ សង្កាត់ ១ច្បាប់ ដើម្បីប្រើប្រាស់តាមការកំណត់របស់ គ ជ ប ។
ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៌បញ្ជាក់បន្ថែមទៀតថា៖ កាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត សម្រាប់ឆ្នាំ២០២០នេះ នឹងត្រូវធ្វើនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ ឃុំ សង្កាត់ ទូទាំងប្រទេស។ ចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៨,៨៣១,៩៨៨ នាក់ ក្នុងនោះមានស្រីចំនួន ៤,៧១២,៧៣៤ នាក់ និង មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៤២៥ ការិយាល័យ។ ដោយឡែកចំនួនប្រជាពលរដ្ឋ ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួនសរុបចំនួន ១៥៤,៧៦៨ នាក់ ។ ឯកឧត្តម មានប្រសាសន៌បន្តទៀតថា៖ ក្រៅពីការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជនក្នុង ឃុំ សង្កាត់ បញ្ជីទាំងពីរនេះក៏នឹងត្រូវបង្ហោះផងដែរនៅលើគេហទំព័ររបស់ គ.ជ.ប (voterlist.nec.gov.kh)។ ដើម្បីធានាការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពរបស់អ្នកបោះឆ្នោត បញ្ជីដែលបង្ហោះនៅលើគេហទំព័ររបស់ គ ជ ប ត្រូវបង្ហាញ តែឈ្មោះ និង លេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោតប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវមានបង្ហាញបន្ថែមនូវការបញ្ជាក់ មូលហេតុដែលត្រូវលុបនៅលើនោះផងដែរ។













