ថៃនិយាយថា “កំហុសបច្ចេកទេស” ក្រោយច្រឡំរឹបអូសម្សៅសាប៊ូថាជាសារធាតុញៀនតម្លៃជាង 1 ពាន់លានដុល្លារ
អត្ថបទដោយ៖
ស៊ុន លី
បរទេស ៖ នៅថ្ងៃពុធនេះក្រសួងយុត្តិធម៌របស់ប្រទេសថៃបានប្រកាសថាសារធាតុញៀនកាតាមីនតម្លៃជាង 1 ពាន់លានដុល្លារដែលអជ្ញាធរបានរឹបអូសនាពេលកន្លងមកគឺគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថាជំនួសមកវិញនៅក្រោយការធ្វើតេស្តក្នុងមន្ទីរពិសោធន៍គេបានរកឃើញថា សារធាតុទាំងនោះគឺគ្រាន់តែជាពពួកផូស្វាតទ្រីសូដ្យូមដែលវាត្រូវបានប្រើប្រាស់ភាគច្រើននៅក្នុងម្សៅសាប៊ូសម្រាប់សំអាតប៉ុណ្ណោះ ហើយលោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានហៅករណីនេះថាជា “កំហុសបច្ចេកទេស”។
គួររំលឹកដែរថា កាលពីដើមខែកន្លងមកនេះ ថៃបានប្រកាសថាខ្លួនបានរឹបអូសនូវសារធាតុញៀនកាតាមីនដែលមានទំហំធំបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចមានតម្លៃរហូតទៅដល់ជិត 1 ពាន់លានដុល្លារជាមួយនឹងទំងន់ដល់ទៅ 11.5 តោន៕
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។
បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy