ឥណ្ឌាបន្តដាក់បំរាមកម្មវិធីទូរស័ព្ទរបស់ចិនកើនឡើងជាង 220 ហើយ
បរទេស ៖នៅក្នុងស្ថានភាពព្រួយបារម្ភខ្លាំងទៅលើបញ្ហាសន្តិសុខតាមប្រព័ន្ធអុីនធឺណេត ប្រទេសឥណ្ឌាមកដល់ពេលបច្ចុប្បន្ននេះបានដាក់បំរាមទៅលើកម្មវិធីទូរស័ព្ទរបស់ចិនចំនួន 43 បន្ថែមទៀតហើយ ដោយក្នុងចំណោមនោះមានមួយជាកម្មវិធីដ៏ពេញនិយមបំផុតលើពិភពលោកគឺ AliExpress ផងដែរ។
យោងតាមការចេញផ្សាយរបស់ CNN បានបញ្ជាក់ថាសរុបមកដល់ថ្ងៃនេះកម្មវិធីទូរស័ព្ទរបស់ប្រទេសចិនចំនួនជាង 220 មកហើយដែលត្រូវបានរដ្ឋាភិបាលឥណ្ឌាដាក់បំរាមមិនឲ្យអាចដំណើរការបាននៅក្នុងប្រទេសរបស់ខ្លួនហើយឥណ្ឌាបាននិយាយចំៗថា សកម្មភាពរបស់កម្មវិធីទាំងនោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងខ្លាំង។
ជាការឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំនៅប្រទេសឥណ្ឌាបានលើកឡើងអំពីបញ្ហាសន្តិសុខជាតិនោះគឺជាឡេសដ៏ពេញនិយម និងដដែលៗហើយបន្ថែមថារដ្ឋាភិបាលប៉េកាំងរំពឹងថាមានការដោះស្រាយដោយយុត្តិធម៌ និងក្នុងបរិយាកាសអាជីវកម្មមិនលំអៀង និងមិនរើសអើងណាមួយឡើយ។
គួរឲ្យដឹងដែរថា សកម្មភាពទាំងនេះបានកើតឡើងនៅក្រោយពេលដែលមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកាលពីខែមិថុនាកន្លងមកនេះ ដែលបានធ្វើឲ្យមានទាហានឥណ្ឌាបាត់បង់ជីវិតដល់ទៅ 20 នាក់។
នៅមុននោះបន្តិច ពោលគឺក្នុងខែមេសា ប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះបានធ្វើការដាក់ពង្រាយកងទ័ពនៅតាមព្រំដែនរបស់ពួកគេ ប៉ុន្តែស្ថានការណ៍បានកើនឡើងកំដៅនៅក្នុងខែមិថុនានៅពេលដែលជម្លោះដ៏សាហាវមួយបានផ្ទុះឡើងនៅជ្រលងដងទន្លេ Galwan និងនៅ Ladakh ដែលជាតំបន់ព្រំដែនជម្លោះក្បែរជួរភ្នំ Himalayan ៕