អភិបាលស្រុកកំពង់រោទិ៍ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំភ្លេចធ្វើអនាម័យ និងបន្តប្រយុទ្ធប្រឆាំងជម្ងឺCOVID-19 ខណៈស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានៅតែមានអ្នកឆ្លងថ្មីនៅឡើយ
លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានថ្លែងផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចធ្វើអនាម័យជាប្រចាំ និងបន្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ដែលកំពុងរាតត្បាតពាសពេញពិភពលោក ខណៈស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានៅតែមានអ្នកឆ្លងថ្មីនៅឡើយ ហើយមិនត្រូវភ្លេចខ្លួននោះទេ។ ការថ្លែងរបស់លោកអភិបាលស្រុកកំពង់រោទិ៍បែបនេះ កាលពីនារសៀលថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២០ នៅក្នុងពិធី ចែកអំណោយរបស់សមាគមមនុស្សចាស់ជរា និងអភិវឌ្ឍន៍កុមារវត្តកោះអណ្តែត និងក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៨៩គ្រូសារ ព្រមទាំង ដាំកូនឈើ ក្រញួង ១០០ដើម ក្នុងវត្តកោះអណ្តែត ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
លោក សុច ពិសី បានថ្លែងអំណរគុណចំពោះព្រះគ្រូ អ៊ុ សុវណ្ណរិទ្ធ ចៅអធិការវត្តកោះអណ្តែតដែលតែងតែយកចិត្តទុកដាក់អំពីសុខទុកប្រជាពលរដ្ឋទីទល់ក្រនៅក្នុងមូលដ្ឋាន ហើយបានកៀងគរសប្បុរសជនមកចែកអំណោយបានជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃនេះប្រជាពលរដ្ឋ៨៩គ្រួសារ បានទទួលអំណោយពីសមាគមមនុស្សចាស់ជរា និងអភិវឌ្ឍន៍កុមាវត្តកោះអណ្តែត និងក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ ដែលជាការផ្តួចផ្តើមឡើងដោយព្រះគ្រូចៅអធិការដោយផ្ទាល់។
លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរចរណ៍ ឲ្យខ្ជាប់ខ្ជួនចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះធម្មជាតិផ្សេងៗជាពិសេសខ្យល់កន្ត្រាក់ និងត្រូវត្រៀមឧបករណ៍ធ្វើស្រែឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ករបង្កើនស្រូវរដូវវស្សាឲ្យទាន់ពេលវេលា និងត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វបន្ថែមដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ។
បើតាមព្រះគ្រូ អ៊ុ សុវណ្ណរិទ្ធ បានមានសង្ឃដិការថា សមាគមមនុស្សចាស់ និងអភិវឌ្ឍន៍កុមារដែលមានរូបព្រះអង្គជាប្រធាន គឺបង្កើតឡើងដើម្បីជួយមនុស្សចាស់ជរា នៅក្នុងឃុំ ដែលមានភាពខ្វះខាតជាចាំបាច់ និងបានចាត់ឲ្យលោកគ្រូអាចារ្យ ព្រះសង្ឃតែងតែនាំថវិការសម្ភារៈគ្រឿងឧបភោគ បរិភោគជូនដល់ចាស់ជរា មានជំងឺ និងបណ្តាសព ដែលក្នុងឃុំថ្មីផងដែរ។
ព្រះគ្រូបានមានសង្ឃិការបញ្ជាក់ថា សមាគមក៏បានបង្រៀនជាភាសារអង់គ្លេស កុំព្យូទ័រដែលសរុបសិស្សនៅដើមឆ្នាំ២០២០ បានមកសិក្សាដោយពុំមានបង់ប្រាក់ដល់សមាគមមានចំនួន២៣៤នាក់ ដោយមានការឧបត្ថម្ភពីលោកលឹម គឹមសេង អគ្គនាយកក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ ។
សូមបញ្ជាក់ថា វត្តកោះអណ្តែត ឃុំថ្មី ស្រុកកំពង់រោទិ៍គឺជាវត្តគំរូមួយនៅទូទាំងខេត្ត ដែលមានសមិទ្ធផលជាច្រើន ព្រមទាំងមានកន្លែងផ្តល់ចំណេះដឹងដល់សិក្សានុសិស្សទៀតផង ហើយព្រះសង្ឃក្នុងវត្តបានដាំបន្លែ ដាំដើមឈើហូបផ្លែ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃចែកជូនពុទ្ធបរិស័ទចំណុះជើងវត្តយកទៅស្លរស្លុកផងដែរ។ អំណោយដែលផ្តល់ជូនគ្រួសារក្រីក្រទាំង៨៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០kg មី ១កេស ទឹកត្រី ៥ដប ទឹកស៊ីអ៊ីវ ៣ដប ឃីត១ និងថវិកា១ម៉ឺនរៀល ៕







