ផ្ទះមួយខ្នងរួមទាំងទ្រព្យសម្បត្តិ បានសាង និងសន្សំច្រើនឆ្នាំកន្លងមកនេះ បានរងការឆាបឆេះដោយអគ្គិភ័យក្លាយជាគំនរផេះផង់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ បុរសដែលជាមេគ្រួសារ ត្រូវគេដឹងថា បានផឹកស្រាស្រវឹងជោគជាំ ពេលវិលមកដល់ផ្ទះ ចូលទៅដេកជាមួយប្រពន្ធ តែត្រូវប្រពន្ធមិនឲ្យដេក បុរសចិត្តខ្លាំងបានទាញយកដែកកេះ មកកេះដុតផ្ទះរងការឆាបឆេះក្លាយជាគំនរផេះ។ ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណ ៨ និង៣០នាទីយប់ ថ្ងៃទី១២មិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះ បានប្រាប់អោយដឹងថា បុរសចិត្តខ្លាំងនេះ មានឈ្មោះ ឡត  តាន់ អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។ រីឯផ្ទះដែលរងការដុតកម្ទេចពីបុរសនេះ សាងសង់ឡើងក្នុងទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រកស្បូវ ជញ្ជាំបាំងឬស្សី និងក្រាលរនាបឬស្សី ផ្ទះមួយខ្នងនេះ រួមទាំងទ្រព្យសម្បត្តិទាំងប៉ុន្មាន បានរងការអស់ ក្លាយជាគំនរផេះទាំងអស់។ រហូតមកទល់នឹងពេលនេះ គេមិនទាន់ដឹងពីទំហំនៃការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិទាំងអស់នោះ នៅឡើយទេ។

មូលហេតុ ដែផ្តើមអោយបុរសជាប្តីដុតកម្ទេចផ្ទះខ្លួនឯងនេះ គឺបណ្តាលមកពីគេស្រវឹងស្រា ហើយសុំប្រពន្ធរួមមេត្រី តែប្រពន្ធមិនព្រម ទើបកើតរឿងក្តៅក្រហល់ក្រហាយ និងផ្ទុះអំពើហឹង្សា ឈានដល់ការដុតកម្ទេចផ្ទះខ្លួនឯងចោលបែបនេះ។ ក្រោយពេលដុតផ្ទះចោលរួច កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃមសេកុង បានចុះឃាត់ខ្លួនបុរសជាប្តី នាំខ្លួនទៅធ្វើការសាកសួរ រហូតមកដល់ពេលនេះ គេពុំទាន់ទទួលបានលទ្ធផល ជុំវិញការសាកសួរនោះ នៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner