ការយល់ដឹងពីផ្លូវអារម្មណ៍ជួយជំរុញដល់ភាពជោគជ័យក្នុងការសិក្សារបស់សិស្ស

អត្ថបទដោយ៖
AMS

អ្វីទៅជាភាពវៃឆ្លាតផ្លូវអារម្មណ៍?

ភាពវៃឆ្លាតផ្លូវអារម្មណ៍ ឬក៏បញ្ញាអារម្មណ៍ គឺជាសមត្ថភាពមនុស្សដែលអាចយល់ដឹង ប្រើប្រាស់ និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួនផ្សេងទៀត។ ក្រៅពីនេះមានរួមបញ្ចូលទាំងចរិតលក្ខណៈផ្សេងៗដូចជា សុទិដ្ឋិនិយម ដែលជាការគិតបែបវិជ្ជមាន សមត្ថភាពក្នុងការត្រួតពិនិត្យអារម្មណ៍ និងការលើកទឹកចិត្តខ្លួនឯង។

សិស្ស-និស្សិតដែលអាចយល់ពីផ្លូវអារម្មណ៍អាចបែងចែកអារម្មណ៍ខ្លួនឯងឱ្យបានត្រឹមត្រូវ។ ពួកគាត់យល់ដឹងពីការប្រែប្រួលអារម្មណ៍ ហើយក៏អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងក្នុងស្ថានភាពមិនល្អ ឬស្ត្រេស។
មានហេតុផល 3 យ៉ាង ដែលបញ្ជាក់ថា បញ្ញាអារម្មណ៍នេះ ជួយជម្រុញដល់លទ្ធផលនៃការសិក្សារបស់សិស្សឲ្យកាន់តែប្រសើរឡើង។

មួយក្នុងចំណោមនោះគឺ និស្សិតដែលមានភាពវាងវៃខាងអារម្មណ៍ខ្ពស់ អាចគ្រប់គ្រងអារម្មណ៍ក្នុងការសិក្សារបស់ពួកគាត់។ ជាធម្មតា សិស្សភាគច្រើនតែងតែមានអារម្មណ៍រសាប់រសល់ មិនស្ងប់ នៅពេលមានការប្រលងជាដើម។ ពួកគាត់ក៏អាចបាក់ទឹកចិត្តនិង អស់កម្លាំងចិត្ត កម្លាំងកាយ នៅពេលដែលការសិក្សាមិនទទួលបានលទ្ធផលល្អប្រសើរដូចការប៉ងប្រាថ្នា បើទោះបីជាពួកគាត់បានប្រឹងប្រែងអស់ពីសមត្ថភាពហើយក៏ដោយ។

ចំពោះសិស្សដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងនៅកំឡុងពេលដ៏ពិបាកនោះបាន អាចនឹងទទួលបានជោគជ័យច្រើន។ ពួកគាត់អាចជំរុញខ្លួនឯង ឆ្លងកាត់កាលៈទេសៈដែលពិបាក និងរៀនសូត្រពីភាពបរាជ័យ ហើយយកវាជាកម្លាំងចិត្តខំប្រឹងប្រែងបន្តទៀត ជាជាងការកើតទុក្ខនាំឲ្យខាតពេលឥតប្រយោជន៍។

ម្យ៉ាងទៀត សិស្សដែលមានបញ្ញាអារម្មណ៍ខ្ពស់ អាចបង្កើតបណ្ដាញទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ និងលោកគ្រូអ្នកគ្រូ។ ពួកគាត់អាចទទួលបានការជួយជ្រោមជ្រែង ចំពោះការធ្វើកិច្ចការសាលា ក៏ដូចជាជំនួយផ្សេងៗ នៅពេលដែលពួកគាត់ត្រូវការ។

ហេតុផលទី3នោះគឺ មុខវិជ្ជាសិក្សាជាច្រើនដែលទាក់ទងនឹងសង្គម តម្រូវឱ្យមានការយល់ដឹងអំពីមនោសញ្ចេតនា ដែលជាផ្នែកមួយសំខាន់។ ជាក់ស្ដែងការវិភាគអក្សរសិល្ប៍ជាដើម មិនត្រូវការតែចំណេះដឹងមួយមុខប៉ុណ្ណោះទេ តែក៏ត្រូវការការដាក់អារម្មណ៍ក្នុងសាច់រឿងថែមទៀតផង ដើម្បីធ្វើការវិភាគតួអង្គ និងសាច់រឿងឲ្យកាន់តែស៊ីជម្រៅ។ ដែលនេះហើយ ជាគុណសម្បត្តិមួយសម្រាប់សិស្សដែលវាងវៃខាងផ្នែកអារម្មណ៍ ដែលគាត់អាចធ្វើការវិភាគមួយដែលលម្អិត និងគ្រប់ជ្រុងជ្រោយ។

ទាំងនេះបង្ហាញថា គ្រូបង្រៀន ឪពុកម្តាយ និងសិស្ស គួរតែផ្តោតលើជំនាញផ្លូវអារម្មណ៍របស់សិស្ស ដែលមិនត្រឹមតែដើម្បីសុខុមាលភាពរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជម្រុញពួកគាត់ឲ្យទទួលបានជោគជ័យក្នុងការសិក្សាផងដែរ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner