បុរសម្នាក់ត្រូវរថយន្ដដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម នៅផ្លូវ២៧១ ខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តដឹកដីបុករួចកិនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងម៉ោង១៤ និង១០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២៧១ មុខស្ថានីយ៍បូមទឹកបឹងត្របែក ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ ប៊ុត សុភ័ក្រ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ប៊ុត សុភ័ក្ត្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាជាងកាត់សក់ ស្នាក់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯជនបង្កមានឈ្មោះ ហឿង រ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបរ ស្នាក់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ម៉ាក QBIX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6599 និងរថយន្តដឹកដីមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ TK-1985 ជិះស្របទិសគ្នា ខណៈពេលដែលជិះមកដល់ត្រង់ចំណុចស្ថានីយ បូមទឹក បឹងត្របែក ក៏មានម៉ូតូ មួយគ្រឿងទៀត មិនចាំម៉ាកបានទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួល ស្រាប់តែពេលនោះ ក៏មានរថយន្តដឹកដីជិះមកពីក្រោយ ហើយកិនបុរសខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ រថយន្តដឹកដីខាងលើ បានបើករត់គេចចេញពីទីតាំងកើតហេតុ តែត្រូវសមត្ថកិច្ចដេញតាមពីក្រោយរហូតដល់ត្រង់ចំណុចផ្លូវ៦០ម៉ត្រ ក៏ត្រូវឃាត់បានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងនៅទីតាំងកើតហេតុខាងលើ និងនាំយកជនបង្កទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯសាកសពបុរសខាងលើ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ៖ ឆៃ ហួត ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner