ចិនឲ្យអូស្ត្រាលីបង់ពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃ ចំពោះការនាំចូលស្រា ចាប់ពីស្អែក
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសនៅថ្ងៃសុក្រ ទី២៧ វិច្ឆិកា ២០២០នេះថា ខ្លួននឹងអនុវត្តវិធានការបង់ពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃ ឬ anti-dumping measures ជាបណ្តោះអាសន្ន លើការនាំចូលស្រារបស់អូស្ត្រាលី ចាប់ពីថ្ងៃទី២៨ វិច្ឆិកា ២០២០ស្អែកនេះទៅ។
បើតាមក្រសួងថា ផ្អែកតាមកាតព្វកិច្ចនេះ ចំពោះការនាំចូលស្រាទៅក្នុងប្រទេសចិន តម្រូវឲ្យមានការបង់ពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃ ចន្លោះពី១០៧.១ទៅ២១២.១ភាគរយ។ ភាគីចិនអះអាងថា ការសម្រេចនេះធ្វើឡើង ក្រោយពេលមានសំណើពីឧស្សាហកម្មស្រាក្នុងប្រទេសចិន ហើយការសម្រេចនេះក៏ស្របនឹងច្បាប់ប្រទេសចិន និងច្បាប់អង្គការពាណិជ្ជកម្មពិភពលោកដែរ។
ចិនគឺជាទីផ្សារដ៏ធំបំផុតរបស់អូស្ត្រាលី លើទំនិញស្រា ក្នុងនោះ ត្រឹម៩ខែ ដើមឆ្នាំ២០២០ មាន៣៩ភាគរយនៃការនាំចេញស្រាសរុបរបស់អូស្ត្រាលី ខណៈដែលប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មទ្វេភាគីសរុប ១៧០ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន៕