អបអរសាទរ ខួប២ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ – ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាខួប២ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ល្ខោនខោលរបស់កម្ពុជា ត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។
ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុងសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹកប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទជ័យវរ្មន័ទី៥(គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)។
ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពីល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង ស.វទី១០ និយាយពី ល្ខោនមុខខោល ដែលសំដៅទៅលើការពាក់របាំងមុខរាំ ហៅថាមុខខ្មុក៕







