សម្ដេចតេជោ ហ៊ុន សែន សម្រេចចេញបទបញ្ជាមិនអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ និងការជួបជុំគ្នាទ្រង់ទ្រាយធំរយៈពេល15ថ្ងៃ
ភ្នំពេញ ៖ ដោយមានការសំណូមពរពីក្រសួងសុខាភិបាល ក៏ដូចជាការផ្តល់មតិពីអង្គការសុខភាពពិភពលោក តម្រូវឱ្យមានវិធានការបន្ថែមសម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប គឺតម្រូវឱ្យមានការផ្អាកការជួបជុំដែលមនុស្សច្រើន ដែលក្នុងនោះរួមមានការរៀបអាពាហ៍ពិពាហ៍ជាដើមក្នុងរយៈពេល15ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្ដេចបានបញ្ជាក់ថា “ទាំងការប្រជុំក៏ត្រូវផ្អាកសិន ការរៀបអាពាហ៍ពិពាហ៍ ក៏ស្នើសុំការខន្ដីអភ័យទោស ដែលសុំផ្អាកនៅក្នុងរយៈពេល15ថ្ងៃ បានន័យថា ចាប់ពីថ្ងៃទី1-15 ឬ16 ហើយសុំទទួលអនុវត្តចាប់ពីពេលចេញបទបញ្ជានេះតទៅ។ ខ្ញុំសុំស្នើដល់ប្រជាពលជនយើង ឱ្យមានការយោគយល់ អធ្យាស្រ័យ ក្នុងការជួបជុំណាក៏ដោយ គឺសុំផ្អាកក្នុងរយៈពេល15ថ្ងៃ ទាំងការជួបជុំ ទាំងអាពាហ៍ពិពាហ៍ ទាំងកិច្ចប្រជុំនានាមិនត្រូវលើសពី20នាក់នោះទេ ហើយបើមានការជួបជុំត្រឹម20នាក់ចុះក្រោម ក៏ត្រូវរក្សានូវគម្លាតឱ្យឆ្ងាយប្រសិនបើអាក់ខានមិនបាន”។
សម្ដេចបានបញ្ជាក់ថា “ត្រូវកាត់បន្ថយការចេញក្រៅផ្ទះរយ:ពេល15ថ្ងៃ បើមិនធ្វើដូចច្នេះយើងនឹងយឺតពេល។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅក្រសួងអប់រំយុវជន និងកីឡាណែនាំមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវធ្វើសកម្មភាពបន្ទាន់នៅថ្ងៃនេះ បិទសាលារៀន បិទបវេសនកាល ហើយរយៈពេលការរៀនបន្តសម្រាប់សិស្សថ្នាក់ទី12 ក៏ត្រូវផ្អាកសិន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សូមផ្អាក់រយៈពេល15ថ្ងៃ ហើយចាប់ផ្តើមអនុវត្តជាបន្ទាន់៕