សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ប្រហែលមានតែកម្ពុជាទេ ដែលអ្នកធ្វើចត្តាឡីស័ក ទទួលបានការឧបត្ថម្ភស្បៀងអាហារ
ថ្លែងចេញពីខេត្តសៀមរាប នៅក្នុងឱកាសបើកការដ្ឋានសាងសង់ និងកែលំអផ្លូវទាំង៣៨ខ្សែ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រហែលមានតែនៅប្រទេសនោះទេ ដែលអ្នកធ្វើចត្តាឡីស័ក ទទួលបានការឧបត្ថម្ភស្បៀងអាហារ ដែលក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ហើយថវិកានេះ គឺផ្តល់ជូនសម្រាប់តែគ្រួសារក្រីក្រប៉ុណ្ណោះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖ ខ្ញុំសូមស្នើឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់ផ្តល់ថវិកានេះ ជូនមកអភិបាលខេត្តដូចជាខេត្តសៀមរាប ជាដើម ឬខេត្តណាដែលមានតម្រូវការធ្វើចត្តាឡីស័ក ដើម្បីឱ្យពួកគាត់មានលទ្ធភាពសម្រាប់យកប្រាក់នោះ ទៅជួយដល់អ្នកដែលត្រូវធ្វើចត្តាឡីស័ក បើមិនដូច្នេះទេ ពួកគាត់ធ្វើចត្តាឡីស័ក ដោយគ្មានអង្ករច្រកឆ្នាំង គឺវាមិនមែនជារឿងសមរម្យទេ យើងត្រូវខិតខំធ្វើហើយគ្មានអ្នកណាចង់ទៅធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែ នៅពេលមានការសង្ស័យទើបពួកគាត់ទៅយកសំណាក ហើយដាក់ខ្លួន អញ្ចឹងប្រហែលករណីបែបនេះ គឺមានតែករណីនៅស្រុកខ្មែរទេ ដែលធ្វើចត្តាឡីស័ក មានប្រាក់យកទៅដល់ផ្ទះណោះ ប៉ុន្តែ ខ្ញុំគិតថាក្នុងចន្លោះពី ១ម៉ឺន ឬ ២ម៉ឺនរៀល ក្នុង១គ្រួសារដែលត្រូវធ្វើចត្តាឡីស័ក ដើម្បីឱ្យមានម្ហូបអាហារ ទទួលទានក្នុងរយៈពេល១៤ថ្ងៃ ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ចេញថវិកាជាបន្ទាន់មកដល់ខេត្តសៀមរាប ដែលជាខេត្តមានមួយមានកន្លែងធ្វើចត្តាឡីស័កច្រើន ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ហើយការបញ្ចេញថវិកាទាំង គឺធ្វើឱ្យអាជ្ញាធរខេត្តទទួលបាននូវការអនុវត្តដោយពេញលេញនូវបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដើម្បីឱ្យអ្នកជាប់ពាក់ព័ន្ធមកធ្វើចត្តាឡីស័ក ព្រមទាំងអ្នកក្រីក្រមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយមិនខ្វាយខ្វល់ពីការខ្វះខាតស្បៀងអាហារ សម្រាប់ទទួលទានក្នុងក្រុមគ្រួសារ នាកំលុងធ្វើចត្តាឡីស័ក។
សម្តេចថា អញ្ចឹងខ្ញុំបានកំណត់ជាគោលការណ៍ គឺក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន២ម៉ឺនរៀល ក្នុងមួយថ្ងៃ ប៉ុន្តែ យើងត្រូវរាប់តែលំដាប់តែអ្នកក្រីក្របានហើយ ដែលយើងមានបណ្ណក្រីក្រ ហើយស្រេច។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបញ្ចេញថវិកា ដើម្បីផ្តល់ជូនអាជ្ញាធរខេត្ត ដែលតម្រូវធ្វើចត្តាឡីស័ក ស្វែងរកជំងឺកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺជាការប្រយុទ្ធមួយដែលផ្តល់ទាំងអាវុធ ឱ្យទាំងគ្រាប់កាំភ្លើង ឱ្យទាំងស្បៀងអាហារ ឱ្យទាំងសិទ្ធិអំណាច ដល់អភិបាលខេត្ត និងរដ្ឋមន្ត្រីអាចមានសិទ្ធិសម្រេច ទៅលើការបិទទីតាំងណាមួយនៅក្នុងក្របខណ្ឌ ក្រោមការគ្រប់គ្រងផ្ទាល់របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំណុចនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ហើយត្រូវប្រើប្រាស់នូវថវិកា ដែលជាការបរិច្ចាគរបស់សប្បុរសជននានា។ ថវិកាសប្បុរសជន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា គឺមានពីរផ្នែក ដែលមួយផ្នែកជាថវិកាសប្បុរសជនដែលដឹកនាំដោយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលមានទំហំទឹកប្រាក់ប្រមាណជិត ២០លានដុល្លារ ដែលប្រើប្រាស់រហូតមកដល់ថ្ងៃនេះ មានទំហំជាង ១២លានដុល្លារ ដោយបានបញ្ជាទិញរបស់របរមួយចំនួនបន្ទាប់ពីកម្ពុជា ផ្តល់ជំនួយដល់រដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយកំពុងត្រៀមផ្តល់ជំនួយដល់រដ្ឋាភិបាលទីម័រ ផងដែរ។ ដោយឡែកកម្ពុជា នៅមានចំណែកថវិកា ប្រមាណជាង ១០លានដុល្លារបន្ថែមទៀត ពីការបរិច្ចាគប្រាក់បៀវត្សពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ទាំងសម្តេចផ្ទាល់ជាដើម ដែលសរុបទំហំទឹកប្រាក់ជាង ៤២ពាន់លានរៀល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំក្រសួងសុខាភិបាលចាត់ចែងអាហារហូបចុកដល់អ្នកកំពុងធ្វើចត្តាឡីស័ក។ ដោយឡែកពលរដ្ឋដែលមកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលធ្វើចត្តាឡីស័កនានា ដែលរៀបចំដោយអាជ្ញាធរ គឺត្រូវរៀបចំបាយទឹក មុង ភួយ កន្ទេល ខ្នើយ ជូនពួកគាត់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពជឿជាក់ថា ខ្មែរអាចធ្វើបានឱ្យតែខ្មែរយើង ខិតខំប្រឹងប្រែងជន្នះនូវការលំបាកទាំងនេះ ដោយស្រុះចិត្តគ្នា និងសហការគ្នាគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយអាចយកឈ្នះលើព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកានេះបាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋឱ្យចូលរួមដោយស្ម័គ្រចិត្តយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កដោយខ្លួនឯង ដើម្បីស្វែងរកជំងឺកូវីដ-១៩, សូមពាក់ម៉ាស លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលលាងដៃ និងសូមចូលរួមអនុវត្តន៍វិធានការការពារជំងឺកូវីដ-១៩ កាត់បន្ថយការជួបជុំ និងចេញក្រៅផ្ទះនៅពេលមិនចាំបាច់។ សម្តេចបានដាស់តឿនឱ្យប្រជាពលរដ្ឋ ដែលបានកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនចំនួន១៤ថ្ងៃ និងស្នើឱ្យអាជ្ញាធរមូលដ្ឋានតាមដានអ្នកកំពុងធ្វើចត្តាឡីស័ក និងជួយផ្គត់ផ្គងស្បៀងអាហារប្រចាំថ្ងៃជូនគ្រួសារក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័ក ៕















