ជប៉ុនផ្តល់ជំនួយឥតសំណងជាង៤១លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ជប៉ុន បានប្រកាសផ្ដល់ ជំនួយមកឱ្យកម្ពុជា ចំនួន ៤១,៤ លានដុល្លារដែលជាជំនួយឥតសំណងដើម្បីអភិវឌ្ឍលើគម្រោងបីសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ចសង្គម។ គម្រោងទី១ គឺអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សដែលមានទឹកប្រាក់ ៣.២លានដុល្លារ ទី ២ ការធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលមានទឹកប្រាក់ ១៩,៨លានដុល្លារ និងទី៣ កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតាមរយៈការផ្ដល់សម្ភារៈវេជ្ជសាស្ត្រសំរាប់ការពារនឹងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ19 ដែលមានប្រាក់ ១៨,៤លាន ដុល្លារ។
បើយោងតាមក្រសួងការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចុះហត្ថលេខា ជាមួយនឹងឯកអគ្គរាជទូតរបស់ជប៉ុននៅព្រឹកថ្ងៃទី៥ស្អែកនេះ នៅក្នុងក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសបានអះអាងថាហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ និងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

