សម្ដេចតេជោ ហ៊ុន សែន បន្តប្រាប់ពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រាប់ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា សុខសប្បាយទេបងប្អូនជនរួមជាតិ ? យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាល ជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់ អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេស ដាក់បម្រាមហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរ។
សម្ដេចបន្តថា សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាអោយបានជាប់ជាប្រចាំ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរទៀតថា តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។ មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ចំពោះប្រទេសកម្ពុជាយើងវិញ ទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែស មើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។ សម្ដេច ក៏បានជូនពរបងប្អូន ជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស៕ធ.ដ

