អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនហ្គូល បានបញ្ជាក់ថា ការប្រកួតពានរង្វាន់យុវជន ជារៀង៣ខែម្តង គឺផ្តល់ឪកាសអោយយុវជនតាមបណ្តាក្លិបចូលរួម

ការប្រកួតកីឡាវាយកូនហ្គូល ពានរង្វាន់យុវជនក្រោមអាយុ២០ឆ្នាំ ដែលសហព័ន្ធរៀបចំ ជារៀងរាល់៣ខែម្តង ដោយធ្វើការប្រកួតលើទីលានតូច និងទីលានធំ គឺបើកទូលាយអោយយុវជនតាមបណ្តាក្លិបនានា ទាំងជាតិ និងអន្តរជាតិចូលរួមប្រកួតក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនថ្នាលរបស់សហព័ន្ធបានប្រកួតញឹកញាប់ ដើម្បីទទួលបានបទពិសោធន៍ និងបង្កើនបច្ចេកទេស សម្រាប់ពង្រឹងអភិវឌ្ឍសមត្ថភាពបន្ថែមលើទីលានហ្វឹកហាត់ នេះជាការលើកឡើងរបស់ ឯ ឧ ស៊ឹម សូយុង អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្រោយបញ្ចប់ការប្រកួតនៅទីលាន រ៉ូយ៉ាល់ភ្នំពេញ កីឡាវាយកូនហ្គូល ។




ឯ ឧ ស៊ឹម សូយុង អះអាងទៀតថា ខាងលើនេះ សហព័ន្ធតែងតែរៀបចំរៀងរាល់៣ខែម្តង មានន័យថា រៀងរាល់១ខែកន្លះប្រកួតម្តង ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនថ្នាលរបស់សហព័ន្ធបានប្រកួតញឹកញាប់ ដើម្បីទទួលបានបទពិសោធន៍ និងបង្កើនបច្ចេកទេស សម្រាប់ពង្រឹងអភិវឌ្ឍសមត្ថភាពបន្ថែម លើទីលានហ្វឹកហាត់ ។ ឯ ឧ អគ្គលេខាធិការរង ពន្យល់ថា តាមរយៈការរៀបចំ៤លើកមកនេះ សង្កេតឃើញថា ទាំងយុវជនជម្រើសជាតិថ្នាល និងយុវជនបរទេសកម្រិតបច្ចេកទេស នៃការលេងរបស់ពួកគេគឺមានការកើនឡើងសមត្ថភាពល្អជាងមុន ហើយ ឯ ឧ សង្ឈឹមជឿជាក់ថា នៅពេលឆាប់ៗខាងមុខនេះ តាមរយៈការជម្រុញពីសហព័ន្ធនឹងជួយឲ្យយុវជនកីឡាករវាយកូនគោលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ចូលរួមប្រជែងដណ្តើមបានមេដាយពីការប្រកួតកម្រិតអន្តរជាតិ ។





រិន ចាន់សុធារិទ្ធ ដែលជាកីឡាករជម្រើសជាតិថ្នាល ដណ្តើមបានតំណាងជើងឯក ពានរង្វាន់យុវជនក្រោមអាយុ២០ឆ្នាំ ជាលើកទី៣ បានប្តេជ្ញាចិត្ត បន្តខិខំហ្វឹកហាត់ពង្រឹងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងក្លា នឹងរីកចំរើនបន្ថែមទៀត ដើម្បីឈានទៅដណ្តើមបានកៅអីជម្រើសជាតិឈុតធំ ចូលរួមប្រជែងដណ្តើម មេដាយមាសជូនកម្ពុជា ពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ក្នុងនាមជាកីឡាករវាយកូនគោលម្ចាស់ផ្ទះ ។





ចំពោះលទ្ធផលការប្រកួតវិញ លេខ១បានទៅលើកីឡាករ រិន ចាន់សុធារិទ្ធ លេខ២ កីឡាការិនី Oh Yerim លេខ៣ កីឡាករ គិត ម៉េង លេខ៤ កីឡាករ Oh Yeram និងលេខ៥ កីឡាករ Dawuth Willie ។
គួរបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់យុវជនក្រោម អាយុ២០ឆ្នាំ ដែលសហព័ន្ធរៀបចំ លើកទី៣នេះ មានកីឡាករ កីឡាការិនី ទាំងជាតិ និងអន្តរជាតិ ១៦នាក់ចូលរួម ក្នុងនោះមាន កូរ៉េ អូស្រ្តាលី និងចិន ៕
