អាជ្ញាធរខេត្តសៀមរាបបានដឹកនាំក្រុមសហគ្រិនវ័យក្មេងទៅពិនិត្យមើលតំបន់អេកូទេសចរណ៍លើភ្នំចង្ក្រាន រយ ស្ថិតក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានដឹកនាំក្រុមសហគ្រិនវ័យក្មេងទៅពិនិត្យមើលតំបន់អេកូទេសចរណ៍លើភ្នំចង្ក្រានរយ ស្ថិតក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ថាតើយើងត្រូវរៀបចំអ្វីបន្ថែមទៀតនៅទីនោះ ដើម្បីទាក់ទាញភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិឲ្យមកទស្សនាកានើតែច្រើនថែមទៀត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បើតាមប្រសាសន៍របស់ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបថា សហគមន៍ ព្រៃឈើចង្ក្រានរយនេះ មិនត្រឹមតែជាតំបន់ អេកូទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ វាក៏ជាយុទ្ធសាស្ដ្រ មួយ ជួយកាត់បន្ថយការប្រែប្រួល អាកាសធាតុផងដែរ ពីព្រោះព្រៃសហគមន៍នោះ មានទាំងព្រៃស្រោង និង ព្រៃរបោះ ដែលគ្របដណ្ដប់ដោយព្រៃឈើប្រមាណជិត ១ ម៉ឺនហិកតាឯណោះ ។
ម្យ៉ាងទៀត តំបន់អេកូទេសចរណ៍ទាំងនេះ កំពុងបង្ហាញខ្លួន ដើម្បីរង់ចាំអ្នកទេសចរណ៍មកកំសាន្ដដោយមានទាំងតំបន់ទេចរណ៍ ធម្មជាតិ និងប្រវត្ដិសាស្ដ្រផងដែរ។ លោក បានបន្ដថា តំបន់នេះ វាមានការទាក់ទាញ នៅអ្នកទេសចរណ៍ បែបពនេចរ ដើរផ្សងព្រេងគ្រប់ជាតិ សាសន៍ ជាដើម។ ដោយឡែកចំពោះព្រៃឈើវាជួយកាត់បន្ថយនូវភាព បន្សាំទៅនឹងការប្រែប្រួល អាកាសធាតុ នឹងចូលរួមលើកកម្ពស់ ជីវភាព ក្នុងការរស់នៅរបស់ប្រជាជននៅ ក្នុងតំបន់នេះ និង ការអភិរក្សប្រកបដោយនិរន្ដរភាពទៅថ្ងៃអនាគតផងដែរ។
លោក គឹម លី ប្រធានពាណិជ្ជកម្មខេត្តសៀមរាប មានប្រសាសន៍ថា សក្តានុពលនៃសហគមន៍ចង្ក្រានរយ នេះមានតំបន់ទេសចរណ៍ អេកូធម្មជាតិ ប្រមាណជាង៤០ កន្លែង ដែលស្ថិតនៅលើខ្នងភ្នំចង្ក្រានរយស្ថិតក្នុង ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចំងាយប្រហែល ៨០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ តំបន់ទេសចរណ៍ព្រៃឈើនេះ វាបានគ្របដណ្តប់ដោយទេសភាពព្រៃឈើនៅលើផ្ទៃដីចំនួនប្រមាណជាង ៩.០០០ ហិកតា ដែលជាជម្រកសត្វព្រៃ និង ជីវចម្រុះគ្រប់ប្រភេទ ដែលអាចជួយដល់ការរៀបចំអេកូ ទេសចរណ៍តាមបែបធម្មជាតិ ។
អ្វីជាពិសេសជាងនេះទៀតនោះ ចំពោះភាពទាក់ទាញនៃតំបន់នេះ ជារួមមានដូច ជាកន្លែងទឹកជ្រោះ នឹងហែលទឹកលេងនារដូវវស្សា ទស្សនាសត្វព្រៃ និងសត្វមេអំបៅ រួមជាមួយ ការធ្វើដំណើរដោយថ្មើរជើងទៅគយគន់សមុទ្រឈើ ល្អាងប្រជៀវ និងភ្នំចាន់ក្រហម នាំគ្នាជិះគោយន្ដ ឬជិះ កង់ កម្សាន្ត ស្វែងយល់ពីវប្បធម៌ធម្មជាតិ ទស្សនាថ្មនានា ដូចជារូបចង្ក្រាន រាប់រយ រាប់ពាន់ នៅលើភ្នំនោះ ហើយរីករាយជាមួយការរស់នៅបែបជនបទអ្នកទេសចរណ៍ អាចបោះត់ងស្នាក់នៅដោយភាពសប្បាយ រីករាយផងដែរ ។
ជាមួយគ្នានោះ លោក គឹម សួ ប្រធានសហគ្រិនវ័យក្មេងខេត្តសៀមរាប បានបញ្ជាក់ផងដែរថា ក្រុមការងាររបស់យើងមកធ្វើទស្សនកិច្ច ក៏ដូចជាការមកពិនិត្យពីសក្តានុពលនៃសហគមន៍ចង្ក្រានរយ ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ដែលពីមុនមកមានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ តែងតេចូលមកកម្សាន្តជាបន្ដបន្ទាប់ ប៉ុន្ដែភាគច្រើនសុទ្ធជាអ្នកទេសចរណ៍បែបលក្ខណជាក្រុមៗ អញ្ចឹងក្រុមការងារសហគ្រិនវ័យក្មេងយើងបានចុះមកពិនិត្យមើលដោយផ្ទាល់ថា យើងត្រូវធ្វើអ្វីនឹងរៀបចំអ្វីបន្ថែមទៀតក្នុងការទាក់ទាញភ្ញៀវឲ្យចូលមកទស្សនាឲ្យបានច្រើនជាងមុននោះ ។ លោក បានបន្តថា ខាងសហគ្រិនរបស់លោកគ្រោងនឹងបង្កើតកន្លែង មើលសត្វគ្រប់ប្រភេទ និងកន្លែងបោះតង់ក្នុងសាក់ល្បងមើលជាជំហានទី១ ថាតើនៅតំបន់នោះមានសុវត្ថិភាពចំពោះភ្ញៀវឬក៏អត់ ហើយក៏កន្លងទាំងនោះមានអ្វីប្លែកៗដែលធ្វើឲ្យភ្ញៀវចាប់អារម្មណ៍ដែរឬទេ ៕ ដោយ ស៊ាន សុផាត