រដ្ឋបាលស្រុកស្រីស្នំបានបើកកិច្ចប្រជុំពិភាក្សាគម្រោងក្នុងការរៀបចំរមណីយដ្ឋានទេសចរណ៍ ផ្សារណាត់ និងការសាងសង់រូបសំណាក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រីស្នំ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ រដ្ឋបាលស្រុកស្រីស្នំបានបើកកិច្ចប្រជុំពិភាក្សាគម្រោងក្នុងការរៀបចំរមណីយដ្ឋានទេសចរណ៍ ផ្សារណាត់ និងការសាងសង់រូបសំណាក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រីស្នំ ដោយមានវត្តមានលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក ហ៊ន់ ឫទ្ធិ អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ អង្គភាព និងលោកមេឃុំ បានអញ្ជើញចូលរួមជាច្រើននាក់ នាព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកស្រីស្នំ។ បន្ទាប់ពីលោក ហ៊ន់ ឫទ្ធិ អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំបានអាននៅរបាយការណ៍ ពាក់ព័ន្ធសមិទ្ធផលនានានៅក្នុងស្រុកដែលសម្រេចបានកន្លងមកនោះ។

អង្គប្រជុំបានលើកយកតំបន់សក្ដានុពលទេសចរណ៍មួយចំនួនក្នុងស្រុកស្រីស្នំ ដើម្បីធ្វើការពិភាក្សារួមមាន ទី១.ស្រះត្រពាំងធំ ស្ថិតនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន។ ទី២.អាងជ្រោយនាងងួន ស្ថិតនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន។ ទី៣.ទំនប់ទឹកស្ទឹងស្រែង ស្ថិតនៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន។ ទី៤.ភ្នំស្រីស្នំ ស្ថិតនៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន។ ទី៥.ព្រៃសហគមន៍ទាំងអស់ជាតំបន់ទេសចរណ៍ ស្ថិតនៅឃុំជ្រោយនាងងួន ឃុំមោង ឃុំត្រាំសសរ ឃុំស្លែងស្ពាន។ ទី៦.ស្ពានអូរជីក(ស្ពានទ័ព) ស្ថិតនៅភូមិត្រុំខាងជើង ឃុំជ្រោយនាងងួន។ ទី៧.ប្រសាទគោកមន និងស្ពាន ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន។ ទី៨.ប្រាសាទក្បាលបី ស្ថិតនៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន។ ទី៩.អាងច្រនៀង(ស្ពានក្មេង) ស្ថិតនៅភូមិច្រនៀង ឃុំស្លែងស្ពាន។ ទី១០.ដងស្ទឹងរង្វាន ស្ថិតនៅភូមិបេង ឃុំត្រាំសសរ។ ទី១១.រលំតាណី ស្ថិតនៅភូមិគោកភ្នៅ ឃុំស្លែងស្ពាន។ ទី១២.ប្រាសាទយាយតី ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន។ ទី១៣.ទំនប់ធារាសាស្រ្តភ្នំរូងដែក ស្ថិតនៅភូមិចារ ឃុំស្លែងនាងងួន។

មានប្រសាសន៍នាឪកាសនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា ចំពោះតំបន់សក្ដានុពលទាំងនេះ យើងបានជ្រើសរើសយកបរិវេណស្រះត្រពាំងធំ  ដើម្បីរៀបចំជាគម្រោងរមណីយដ្ឋានទេសចរណ៍ ផ្សារណាត់ និងសាងសងរូបសំណាកស្រីស្នំនៅទីនោះផងដែរ។ ស្រះត្រពាំងធំមានទីតាំងនៅខាងជើងទីរួមស្រុក ដែលមានបណ្ដោយប្រវែង ១៤០ ម៉ែត្រ ទទឹង ១១៥ ម៉ែត្រ ជម្រៅ ០៣ ម៉ែត្រ ការរៀបចំនេះក្នុងគោលបំណង ដើម្បីបង្កើតសហគមន៍ទេសចរណ៍ក្នុងស្រុក ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាក្នុងស្រុក លើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើតឲ្យមានទីផ្សារសម្រាប់ប្រជាពលរដ្ឋលក់ផលិតផល កសិផលនានា សាងសងរូបសំណាកដើម្បីកំណត់អត្តសញ្ញាណរបស់ស្រុក ធ្វើជាសួនច្បារដាំដើមឈើលម្អជុំវិញស្រះត្រពាំងជាដើម។

ក្នុងកិច្ចប្រជុំរយ:ពេលមួយព្រឹកធំនេះ ដើម្បីប្រមូលមតិយោបល់រួមរៀបចំធ្វើរបាយការណ៍ ដាក់ជូនទៅថ្នាក់ខេត្តដើម្បីធ្វើការត្រួតពិន្យនឹងសម្រេចក្នុងការអនុវត្តបន្តទៀត៕ ដោយ៖ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner