អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាម៉េរិកនិយាយថា កិច្ចខិតខំប្រឹងប្រែងផលិតវ៉ាក់សាំងប្រឆាំង COVID-19 កំពុងតែដំណើរការទៅមុខយ៉ាងប្រសើរបំផុត
សហរដ្ឋអាម៉េរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាម៉េរិកលោក អាន់ថូនី ហ្វូស៊ី បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងផលិតវ៉ាក់សាំងប្រឆាំង COVID-19 កំពុងតែដំណើរការទៅមុខយ៉ាងប្រសើរបំផុត ហើយរំពឹងថា វ៉ាក់សាំងលើសពីមួយនឹងមានសក្តានុពលបំផុត ដើម្បីឲ្យយើងយកទៅធ្វើតេស្តនាដើមរដូវក្តៅខាងមុខ នេះបើតាមកាសែត CNN នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។
ក្រុមហ៊ុន ម៉ូឌែណា របស់សហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួននៅក្នុងតំណាក់កាលថ្មី ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ខណៈវ៉ាក់សាំងរបស់ស្ថាប័នអុកស្វដ និងអាស្ត្រាសេណេកា នៅខែសីហា និងវ៉ាក់សាំងរបស់ក្រុមហ៊ុន ចនសុន និងចនសុន នឹងត្រូវធ្វើតេស្តនៅខែកញ្ញាខាងមុខ ។
ការធ្វើតេស្តខាងលើនេះ នឹងត្រូវចូលរួមដោយមនុស្សរាប់ម៉ឺននាក់ ដើម្បីឲ្យក្រុមហ៊ុន ស្ថាប័នជំនាញរដ្ឋាភិបាល និងអ្នកជំនាញកំពូលៗអាចគណនាអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងទាំង០៣ប្រភេទនេះ ៕




