ប្រជាពលរដ្ឋ៥៨គ្រួសារ ជួបជីវភាពលំបាក នៅសង្កាត់ចុងឃ្នាស់ទទួលបានគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន
នៅរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ព្រះគ្រូវិបញ្ញាវិសុទ្ឋីរង្សីអកទ្ឋមោ ម៉ៃ ភីរុណ ព្រះចៅអធិការវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ស្ថិតនៅសង្កាត់ចុងឃ្នៀសក្រុងសៀមរាប បានការសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ចុងឃ្នៀស នាំយកសម្ភារគ្រឿងឧបភោគបរិភោគមានដូចជាអង្ករ មី ទឹកត្រី ទឹកសុទ្ឋ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារក្រីក្រចំនួន៥៨គ្រួសារក្នុងនោះ មានជនចាស់ជរាជាង៣០នាក់ផងដែរ បានទទួលអំណោយសប្បុរសធម៌ សម្រាលការលំបាក ដែលពួកគាត់ជួបប្រទះលំបាកក្នុងជីវភាព ដោយសារតែវិបត្តិនៃការរាតត្បាត់វីរុសកូវីដ១៩ កូនចៅពួកគាត់ត្រូវបានផ្អាកពីការងារ និងរត់រស់នៅជួបជុំគ្រួសារដោយពុំមានចំណូលទាល់តែសោះ។
ព្រះតេជគុណ ម៉ៃ ភិរុណ មានថេរដីកាថា៖ ព្រះរាជាណាចក្រកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារតែប្រមុខអង្គការសហប្រជាតិទទួលស្កាល់ថា កម្ពុជាជាប្រទេសមួយដែលបានប្រើប្រាស់វិធានការទាន់ពេលវេលា ទប់ស្កាត់ដ៏ប្រសិទ្ធភាពការឆ្លងវារុសផ្លូវដង្ហើមថ្មី និងបានកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំនយោបាយ លើយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងការរីករាលរាលនៃវារុសកូវីត-១៩ នៃសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ មោទកភាពទាំងនេះ គឺច្បាស់ណាស់ថា មិនអាចកាត់ផ្តាច់បានឡើយ ពីការចូលរួមសហការអនុវត្ត របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ព្រះតេជគុណបន្តថា៖ គ្មានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ ត្រូវបានបាត់បង់ជីវិតដោយសារជម្ងឺកូវិតនោះទេ ហើយក៏គ្មានការចម្លងចូលសហគមន៍នោះដែរ វាខុសពីបណ្តាប្រទេសជឿនលឿនលើសាកលលោក ដែលមានអត្រាឆ្លង និងស្លាប់ក្នុងចំនួនកើនឡើងគួរឲ្យខ្លាច។ ការប្រៀបធៀបឲ្យឃើញយ៉ាងដូច្នេះ គឺចង់បង្ហាញថា ដោយសារតែកម្ពុជា មានប្រមុខដឹកនាំបេះដូងមនុស្សធម៌ដ៏ឈ្លាសវៃ ទើបប្រជាពលរដ្ឋអាចជៀសផុតពីឃាតករមហាប្រល័យ ( កូវីត១៩ )។
ព្រះអង្គថា៖ នេះមិនមែនជាលើកទី១ទេដែលក្រុមព្រះសង្ឃ និងសប្បុរសជននាំយកគ្រឿងឧបភោគបរិភោគចែកជូនអ្នកខ្វះខាត តាមរយៈការសហការជាមួយអាជ្ញាធរសង្កាត់ចុងឃ្នៀស ដើម្បីកំណត់ស្ថានភាពក្រីក្រពិតប្រាកដ ជាមួយគ្នានេះព្រះអង្គបានសុំការអធ្យាស្រ័យចំពោះគ្រួសារក្រីក្រជាច្រើនទៀតក្នុងមូលដ្ឋាននេះដែលមិនបានទទួល ព្រោះសម្ភារៈ និងថវិកាមានកំណត់ ប៉ុន្តែប្រសិនទទួលបានការជួយឧបត្ថម្ភពីប្រជាពុទ្ឋបរិស័ទទៀតនឹងយកមកផ្តល់ជូននៅទីនេះទៀត។
លោក អ៊ុ ណារី ចៅសង្កាត់ចុងឃ្នៀសក្រុងខេត្តសៀមរាប អះអាងថា៖ ស្ថិតក្នុងស្ថានភាពណាក៏ដោយក៏អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសង្កាត់ ក្នុងមូលដ្ឋានមិនដែលធ្វេសប្រហែសនោះទេ តែងតែសហការគ្នាអប់រំណែនាំដល់ពួកគាត់ជាប្រចាំ ឱ្យពួកគាត់ប្រុងប្រយ័ត្នបង្ការទប់ស្កាត់ ទៅនឹងវីរុសកូវីដ១៩ ដោយការសំអាតអនាម័យលាងដៃជាមួយសាប៊ូ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ជាដើមផង។ បន្ថែមពីនេះក៏តែងតែកៀរគររកសប្បុរសជនដើម្បីចែករំលែក ជួយគ្នាក្នុងគ្រាលំបាក ដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិកូវីត១៩ផងដែរ។
លោកផ្តាំផ្ញើថា៖ សូមរាយការណ៍ជាបន្ទាន់ បើសិនជាមានបងប្អូន កូនចៅ ធ្វើចំណូលស្រុកមកពីប្រទេសជិតខាង។ លោកក៏បានបង្ហាញនូវការគាំទ្រផងដែរ ចំពោះសកម្មភាពសប្បុរសធម៌ក្នុងសង្គមជាតិ ពុទ្ធចក្រនិងអាណាចក្ររួមកុសលធ្វើទាន សាមគ្គីរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រាជួបគ្រោះវិបត្តិ។ អំណោយទាំងនោះរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹលពិសាបរិសុទ្ធ និងមានថវិកាផងដែរ៕