អគ្គនាយកអង្គការ WHO ថ្លែងថា ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 គឺទាមទារឱ្យមានការស្រាវជ្រាវបន្ថែមទៀត
ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃពុធនេះនិយាយថា ការសិក្សាស្រាវជ្រាវបន្ថែមត្រូវធ្វើឱ្យកាន់តែច្បាស់ ដើម្បីស្វែងយល់ឱ្យប្រសើរឡើង អំពីការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 លើមនុស្ស ដែលមិនមានបង្ហាញរោគសញ្ញា នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២០។
លោក ថេដ្រូស បានថ្លែងប្រាប់អ្នកយកព័ត៌មានថា មធ្យោបាយសំខាន់បំផុត ដើម្បីបញ្ឈប់ការចម្លងវីរុស គឺត្រូវបង្កើនការធ្វើតេស្តលើមនុស្ស ដែលមានរោគសញ្ញា និង ដាក់ឱ្យស្ថិតនៅដាច់ដោយឡែក ក៏ដូចជាផ្តាច់ទំនាក់ទំនងរបស់ពួកគេ។
លោកបានបញ្ជាក់ទៀតថា ដំបូន្មានរបស់អង្គការសុខភាពពិភពលោក WHO នឹងបន្តធ្វើបច្ចុប្បន្នភាព នៅពេលមានព័ត៌មានថ្មីៗ ។
បន្ថែមលើនេះ លោក ថេដ្រូស ក៏បានសម្តែងការកោតសរសើរដល់បណ្តាប្រទេសជាច្រើនផងដែរ ដែលទទួលជោគជ័យក្នុងការទប់ស្កាត់ការចម្លង និងការគ្រប់គ្រងវីរុសបានយ៉ាងត្រឹមត្រូវ ៕