រថយន្តប្រើថាមពលព្រះអាទិត្យមួយប្រភេទនេះអាចក្លាយជាបដិវត្តធំបំផុតរបស់មនុស្សក្នុងការធ្វើដំណើរ

បរទេស៖នៅពេលដែលគេនិយាយដល់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីគេនឹងនឹកដល់បញ្ហាចំងាយនៃការធ្វើដំណើររបស់វាផ្អែកទៅលើថាមពលដែលវាអាចផ្ទុកបានក្រោយពេលសាកពេញម្តងជាមិនខាន ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយបានចាប់យកបញ្ហានេះមកដោះស្រាយ និងកែប្រែបានយ៉ាងច្បាស់លាស់ទៅលើរថយន្តប្រភេទថ្មីរបស់ខ្លួនមួយ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Diego មានឈ្មោះថា Aptera ទើបតែបានដាក់តាំងបង្ហាញនូវរថយន្តគំរូថ្មីមួយរបស់ខ្លួនដែលដំណើរការដោយថាមពលពន្លឹព្រះអាទិត្យ។ Paradigm ជារថយន្តមានកង់តែ 3 ប៉ុន្តែបើតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងដែរថាសមត្ថភាពដ៏អស្ចារ្យរបស់វាមួយនោះគឺអ្នកប្រើប្រាស់នឹងមិនចាំបាច់សាកថ្មជារៀងរហូតប្រសិនបើអ្នកប្រើប្រាស់វាត្រឹមតែ 45 ម៉ាលឬ 72 គីឡូម៉ែត្រក្នុងមួយថ្ងៃឬមួយពេញថ្ម។

មានរូបរាងស្រដៀងទៅនឹងម៉ូដេលរថយន្តដែលអាចហោះហើរបាន Jetsons ប៉ុន្តែវាត្រូវបានបំពាក់មកជាមួយនឹងផ្ទាំងសូឡាសម្រាប់ស្រូបថាមពលព្រះអាទិត្យទំហំ 3 ម៉ែត្រការ៉េជាប់នឹងតួរថយន្តនិងអាចបង្កើតថាមពលសម្រាប់រថយន្តកៅអីចំនួន 2 មួយនេះអាចធ្វើដំណើរបាន 72 គីឡូម៉ែត្រក្នុងមួយថ្ងៃឬត្រូវជា 17.000 គីឡូម៉ែត្រក្នុងមួយឆ្នាំ។

ទោះបីជាយ៉ាងណាអ្នកបើកបរនៅសល់ជម្រើសដ៏អស្ចារ្យមួយទៀតប្រសិនបើពួកគេចង់ធ្វើដំណើរលើសពីចំនួនកំណត់នេះព្រោះថាក្រុមហ៊ុនក៏បានផ្ទុកនូវថ្មដែលអាចសាកថាមពលអគ្គិសនីសម្រាប់ការធ្វើដំណើរដល់ទៅ 400 ម៉ាលសម្រាប់ប្រភេទ Paradigm ធម្មតានិងធ្វើដំណើរដល់ទៅ 1000 ម៉ាលសម្រាប់ម៉ូដេល Paradigm Plus សម្រាប់ការសាកថ្មពេញម្តង។

គួរឲ្យដឹងដែរថាការធ្វើការបញ្ជាទិញទុកជាមុនត្រូវបានធ្វើឡើងតាំងតែពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះដោយក្នុងនោះគេបានដឹងថា Paradigm ធម្មតាមានតម្លៃប្រមាណជា 29.900 ដុល្លារ និង Paradigm Plus មានតម្លៃប្រមាណជា 46.900 ដុល្លារប៉ុន្តែមិនដល់ 24 ម៉ោងផង រថយន្តទាំងនោះត្រូវបានដាក់លក់អស់គ្មានសល់ឡើយ ហើយ Apterta នឹងចាប់ផ្តើមដឹកជញ្ជូនវាទៅកាន់អតិថិជនរបស់ខ្លួនក្នុងឆ្នាំ 2021 ខាងមុខនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner