ទៅស្គាល់មេបញ្ជាការអាវកាសស្រីវ័យក្មេងម្នាក់នៅពីក្រោយភាពជោគជ័យលើបេសកកម្មយាន Chang’e-5 របស់ចិន
បរទេស៖ទើបតែមានអាយុត្រឹម 24ឆ្នាំ ដែលមាននាទីជាមេបញ្ជាការអាវកាសស្រីវ័យក្មេងម្នាក់កំពុងក្លាយទៅជាប្រធានបទដ៏ពេញនិយមនៅលើបណ្តាញសង្គមរបស់ប្រទេសចិនដោយសារតែរូបនាងត្រូវបានគេដឹងដែរថាជាមនុស្សដ៏សំខាន់ម្នាក់នៃកម្មវិធីរុករក និងស្រាវជ្រាវនៅភពព្រះច័ន្ទតាមរយៈយានអាវកាស Chan’e-5 ដ៏ល្បីល្បាញ។
ទោះបីជាជាប់ឈ្មោះជាមេបញ្ជាការស្រីវ័យក្មេងបំផុតនៅឯស្ថានីយបង្ហោះយានអាវកាស Wengchang ក្តី ប៉ុន្តែនាង Zhou Chengyu ត្រូវបានគេដាក់រហ័សនាមឲ្យនាងថាជា”បងស្រីធំ” ឬ Big Sister ក្នុងន័យបង្ហាញពីការគោរព និងឲ្យតម្លៃយ៉ាងខ្លាំងទៅលើសមត្ថភាពធ្វើការងាររបស់នាង។
បេសកកម្មយានអាវកាស Chang’e-5 ទើបតែត្រូវបានបញ្ចប់ទៅនៃការចុះចតលើផ្ទៃនៃភពព្រះច័ន្ទលើកទី 3 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេល 7 ឆ្នាំចុងក្រោយនេះ ក្រោមការគ្រប់គ្រងដោយនាង Zhou នៅផ្នែកប្រព័ន្ធតំណភ្ជាប់ទៅកាន់គ្រាប់រ៉ូកែតដែលគ្រប់គ្នាគិតថាជាការងារស្នូលដ៏សំខាន់បំផុត។

អាវកាសយានិកវ័យក្មេងរូបនេះកំពុងក្លាយទៅជាចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Weibo ជាពិសេសក្រោយពេលដែលការបាញ់បង្ហោះយានអាវកាស Chang’e-5 បានយ៉ាងជោគជ័យកាលពីថ្ងៃទី23 ខែវិច្ឆិកាកន្លងទៅ ហើយលើសពីនេះទៀតគឺនាង Zhou មិនព្រមអនុញ្ញាតឲ្យសារព័ត៌មានណាអាចជួបសំភាសន៍ជាមួយខ្លួនឡើយ។
គួរឲ្យដឹងដែរថាបេសកកម្មរបស់យាន Chang’e-5 គឺចាំបាច់ធ្វើយ៉ាងណាអាចនាំយកគំរូដី ឬថ្មជាច្រើននៅលើភពព្រះច័ន្ទមកផែនដីវិញ ដើម្បីធ្វើការស្រាវជ្រាវបន្ត ហើយពេលនេះប្រទេសចិនបានក្លាយទៅជាប្រទេសទី 3 លើសាកលលោកដែលអាចសម្រេចការងារបែបនេះបានបន្ទាប់ពីសហរដ្ឋអាមេរិកនិងសហភាពសូវៀតដែលធ្លាប់បានសាងប្រវត្តិសាស្ត្ររួចហើយកាលពី 40 ឆ្នាំមុន៕