ក្មេងស្រី ២នាក់បងប្អូនដើររើសខ្យងនៅពេលភ្លៀងធ្លាក់បណ្ដាលឲ្យលង់ទឹកស្លាប់
ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រី ២នាក់បងប្អូនបង្កើតបាននាំគ្នាដើររើសខ្យងនៅក្នុងស្រែគ្រាដែលមេឃកំពុងធ្លាក់ភ្លៀង បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅដែលគេជីកយកដី លង់ទឹកស្លាប់ទាំងពីរនាក់បងប្អូនតែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញដែលស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានឃុំសែប បានអោយដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង៨និង៤០នាទីថ្ងៃទី១១ មិថុនា២០២០នេះថា ក្មេងស្រីទាំង២នាក់បងប្អូនបង្កើតមានឈ្មោះ ទី១ ឈ្មោះ សឹម តីសៈ អាយុ១០ឆ្នាំ, ទី២ ឈ្មោះ សឹ នីតា អាយុ៧ឆ្នាំ អ្នកទាំងពីរនាក់ ខ្មែរឥស្លាមមានទីលំនៅភូមិ ឃុំ ស្រុក កើតហេតុខាងលើមានឪពុកឈ្មោះ សានស៊ឹម អាយុ៣៨ឆ្នាំធ្វើការនៅរោងចក្រ ម្តាយឈ្មោះ សេន ស្រង់ អាយុ៣៨ឆ្នាំ កំពង់ធ្វើការនៅប្រទេសជប៉ុន មានកូនស្រីតូច២នាក់ រស់នៅជាមួយឪពុក។
ប្រភពពីប្រជាពលរដ្ឋដែលត្រូវជាសាច់ញ្ញាតិឈ្មោះ ជ័យ ម៉ាន បានអោយដឹងថានៅមុនពេលកើតហេតុ មានមេឃភ្លៀងធ្លាក់ខ្លាំង២នាក់ បងប្អូនបាននាំគ្នាដើររើសខ្យងនៅតាមវាលស្រែក្រោយមកជីតា បានហៅអោយត្រឡប់មកផ្ទះវិញ។ ប្រភពខាងលើដដែលបានអោយដឹងទៀតថា មិនដឹងយ៉ាងម៉េចក្មេងស្រី២នាក់ បងប្អូនបានចេញទៅដើររើសខ្យងម្តងទៀតរហូតដល់ឪពុកត្រឡប់មកពីធ្វើការវិញ បាត់កូនដើររកកូនស្រីទាំង២មិនឃើញ សោះគាប់ជួនពេលភ្លៀងមានប្រជាពលរដ្ឋចេញទៅបង់សំណាញ់ តាមរណ្ដៅដែលគេជីកយកដីហ្នឹងបានបង់សំណាញ់ក្នុងរណ្ដៅ នៅពេលទាញឡើងមក ស្រាប់តែជាប់សពក្មេងស្រីទាំងពីរ ដែលធ្លាក់រណ្ដៅលង់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យ និងបានបញ្ជាក់ថាក្មេងស្រីពិតជាបានលង់ទឹកស្លាប់ទាំងពីរនាក់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះទាំងពីរនាក់ ត្រូវបានឪពុកម្ដាយសាច់ញាតិតម្កល់ទុកនូវលំនៅដ្ឋានពេលបីថ្ងៃ ទើបបានរៀបចំធ្វើបុណ្យតាមប្រពៃណីបែបសាសនាខ្មែរឥស្លាមផងដែរ ។
សូមបញ្ជាក់ផងដែរថា នៅដើមខែមិថុនា ២០២០នេះ កើតមានករណីក្មេងស្រីលង់ទឹកស្លាប់ ២នាក់បងប្អូនផងដែរ ។ តាមរយៈករណីខាងលើនេះដែរ ក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឪពុកម្ដាយត្រូវយកចិត្តទុកដាក់មើលថែទៅលើកុមារតូចៗ ធ្វើយ៉ាងណាកុំឲ្យដើរលេងឆ្ងាយពីខ្លួនជៀសវាងខ្លាចកើតមានករណីដូចខាងលើនេះផងដែរ៕ ដោយ៖ សុក្ខារិន