រៀនចប់បាក់ឌុប គួរត្រៀមខ្លួនបែបណា មុនសម្រេចចិត្តរៀនបន្តនៅសាកលវិទ្យាល័យ?
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី12 សិស្សភាគច្រើនមានបំណងសិក្សាកម្រិតថ្នាក់បរិញ្ញាបត្របន្តទៀត។ រៀនបន្តនៅសាកលវិទ្យាល័យនេះ មិនមែនជារឿងងាយស្រួលទេ តែក៏មិនពិបាកដែរ ប្រសិនបើយុវសិស្សទាំងអស់មានគោលដៅសិក្សាច្បាស់លាស់ និងត្រៀមខ្លួនឱ្យរួចរាល់ជាមុន។
“មុននឹងចូលរៀននៅសាកល យើងត្រូវជ្រើសរើសមុខជំនាញមួយដែលយើងចង់រៀនសិន ហើយត្រូវត្រៀមខ្លួនឱ្យបានរួចរាល់” នេះជាមតិលើកឡើងដោយ យុវតី ជា ច័ន្ទចរណៃ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។
និស្សិតរូបនេះបានបញ្ជាក់ថា ការជ្រើសរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យត្រូវស្របតាមចំណូលចិត្ត ដោយសារនិស្សិតត្រូវចំណាយពេលបួនឆ្នាំ ដើម្បីសិក្សាឈ្វេងយល់ពីវា។

ធ្លាប់មានបទពិសោធន៍ហ្មត់ចត់ក្នុងការរើសជំនាញសិក្សានៅសាកលវិទ្យាល័យ ច័ន្ទចរណៃ បានបន្តទៀតថា ជ្រើសរើសមុខជំនាញសិក្សាដែលត្រឹមត្រូវ សិស្សត្រូវសួរខ្លួនឯងដែរថា តើចាប់អារម្មណ៍និងស្រលាញ់ជំនាញនោះកម្រិតណា បន្ទាប់មកត្រូវស្រាវជ្រាវព័ត៌មានពាក់ព័ន្ធឱ្យបានច្រើន ដើម្បីឲ្យប្រាកដថា បំណងសិក្សាខ្លួនឯងសាកសមនឹងមុខជំនាញនោះ។
ក្នុងនាមជានិស្សិតម្នាក់ដែលទទួលបានអាហារូបករណ៍សិក្សាពីសាកលវិទ្យាល័យ ច័ន្ទចរណៃ ក៏បានជំរុញទឹកចិត្តសិស្សដែលកំពុងសិក្សាថ្នាក់ទី12 ឱ្យខិតខំប្រឹងប្រែងប្រឡងឱ្យជាប់និទ្ទេសល្អ ដើម្បីទទួលបានឱកាសអាហារូបករណ៍ពេញលេញសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ។
“ពត៌មានអាហារូបករណ៍មានច្រើនណាស់ មានទាំងសាកលវិទ្យាល័យជាតិ និងអន្តរជាតិ ដូច្នេះហើយគួរត្រៀមខ្លួន និងស្វែងរកពត៌មានឱ្យបានគ្រប់គ្រាន់ អាចថាតាមរយៈបណ្ដាញសង្គម មិត្តភក្ដិ និងលោកគ្រូអ្នកគ្រូ”។
ការទទួលបានអាហារូបករណ៍បន្តការសិក្សានៅសកលវិទ្យាល័យពិតជាសំខាន់ណាស់សម្រាប់និស្សិត។ អាហារូបករណ៍ អាចជួយសម្រាលបន្ទុកឬការចំណាយថ្លៃសិក្សារបស់និស្សិតបានមួយផ្នែក ហើយក៏មានអាហារូបករណ៍មួយចំនួនអាចជួយផ្គត់ផ្គង់ថ្លៃចំណាយទាំងស្រុងរបស់និស្សិតផងដែរ។

ជីវិតសិក្សានៅថ្នាក់មហាវិទ្យាល័យខុសពីការសិក្សានៅកម្រិតថ្នាក់វិទ្យាល័យដាច់ស្រឡះ។ និស្សិតត្រូវបត់បែននិងរៀនពីរបៀបសិក្សាបែបថ្មី ជួបមិត្តភក្ដិថ្មី ហើយគ្រប់យ៉ាងសុទ្ធតែថ្មី ដែលចំណុចនេះទាមទារឱ្យនិស្សិតចេះសម្របខ្លួនក្នុងបរិយាកាសសិក្សានិងការរស់នៅ។
ត្រង់នេះ កញ្ញា ស៊ុន មាលា និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានឱ្យដឹងដែរថា៖ “ខ្ញុំគិតថាជីវិតជានិស្សិតនៅសាកលវិទ្យាល័យខុសពីជីវិតជាសិស្សនៅវិទ្យាល័យ ព្រោះរៀននៅសាកល អាចនឹងមានរឿងច្រើនដែលយើងស្មានមិនត្រូវ។ យើងមិនគួរមានការរំពឹងទុកខ្ពស់ពេកទេ ប៉ុន្តែត្រូវមានមហិច្ឆតា និងកម្លាំងចិត្តប្រឈមនឹងឧបសគ្គនានាដែលរារាំងផ្លូវ និងតស៊ូដើរឱ្យដល់គោលដៅដែលបានកំណត់”។
គួររំលឹកដែរថា ដោយសារតែមានការរីករាលដាលជាសកលនៃមេរោគផ្លូវដង្ហើមកូវីដ-19 ក្នុងសហគមន៍ កាលពីចុងខែវិច្ឆិកាកន្លងទៅ ការប្រឡងបាក់ឌុបត្រូវបានក្រសួងអប់រំពន្យាពេលទៅរវាងពាក់កណ្ដាលខែមករា ឆ្នាំ2021 ខាងមុខ។ សិស្សថ្នាក់ទី12 មានពេលមួយខែទៀត តែប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនបញ្ចេញសមត្ថភាព ប្រឡងប្រជែងបញ្ចប់ការសិក្សា ក៏ដូចជាត្រៀម ខ្លួនបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ៕