អគ្គលេខាធិការអូឡាំពិកកកម្ពុជា បានចាត់ទុកថា មរណភាពរបស់លោកព្រឹទ្ធាចារ្យ កែវ ថុន គឺជាការបាត់បង់បុគ្គលឆ្នើមម្នាក់ ក្នុងវិស័យកីឡា និងចលនាអូឡាំពិក

អគ្គលេខាធិការអូឡាំពិកកកម្ពុជា វ៉ាត់ ចំរើន អគ្គអូឡាំពិកកម្ពុជា បានចាត់ទុកថា មរណភាពរបស់លោកព្រឹទ្ធាចារ្យ កែវ ថុន គឺជាការបាត់បង់បុគ្គលឆ្នើមម្នាក់ ក្នុងវិស័យកីឡា ដោយសារលោក គឺអតីតជាបុគ្គលឆ្នើមម្នាក់ និងក៏ជាអតីតកីឡាករឆ្នើមម្នាក់ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយឆ្ងាយរបស់កម្ពុជា ប្រចាំទសវត្សន៍៦០ និងម្ចាស់មេដាយសំរឹទ្ធ កម្រិតអាស៊ី នៃព្រឹត្តិការណ៍ Asian GANEFO ដែលកម្ពុជាធ្វើជាម្ចាស់ ។


ការបញ្ជាក់ជូនដូច្នេះគ្រា ឯ ឧ វ៉ាត់ ចំរើន អញ្ជើញចូលរួមគោរពវិញ្ញាន្ខ័ន កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅគេហដ្ឋានរបស់លោកព្រឹទ្ធាចារ្យកីឡា កែវ ថុន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៩ខែធ្នូ ក្នុងវ័យ៩១ឆ្នាំ ។
ឯ ឧ វ៉ាត់ ចំរើន បន្ថែមថា ការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ក្នុងវិស័យកីឡា និងចលនាអូឡាំពិក និងជាអតីតម្ចាស់មេដាយសំរឹទ្ធកីឡាអាស៊ី Asian GANEFO ក្នុងទសវត្សន៍៦០ ។ ដែលលោក កែវ ថុន បានចាប់ផ្ដើមលេងកីឡាអត្តពលកម្ម តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយលោកបានចូលរួមការប្រកួតអន្ដរជាតិជាច្រើន ។

ឯ ឧ អគ្គលេខាធិការ មានប្រសាសន៍ថា ព្រឹទ្ធាចារ្យ កែវ ថុន គឺអតីតជាបុគ្គលឆ្នើមម្នាក់ និងក៏ជាអតីតកីឡាករឆ្នើមម្នាក់លើប្រភេទកីឡាអត្តពលកម្ម និងជាអតីតថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិក ដែលមានបច្ចេកទេស និងចំណេះដឹងជ្រៅជ្រះ និងបានរួមចំណែកជួយដល់វិស័យកីឡាកម្ពុជា ជាពិសេសលោកបានជួយបង្កើតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដំបូង កាលពីអំឡុងឆ្នាំ១៩៨៤-១៩៨៥ រហូតដល់ជួយជំរុញឲ្យគណៈកម្មាធិការជាតិអន្តរជាតិ ទទួលស្គាល់សមាសភាពកម្ពុជាជាបេក្ខភាពរបស់អន្តរជាតិម្តងទៀត ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដែលនៅសេសសល់រស់រានមានជីវិត ដើម្បីរួមគ្នាជួយជ្រោមជ្រែងរៀបចំវិស័យកីឡាកម្ពុជាឡើងវិញ ។

ឯ ឧ វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា ព្រឹទ្ធាចារ្យ កែវ ថុន ធ្លាប់បានកសាងស្នាដៃជូនជាតិជាច្រើន ក្នុងជីវភាពជាកីឡាករ ក្នុងទសវត្សន៍៦០ និង៧០ ដោយដណ្តើមបានមេដាយ ក្នុងកម្រិតកីឡាអាស៊ី និងបន្តស្វែងរកមេដាយ នៅក្នុងកីឡាស៊ីហ្គេម ជាច្រើនដែរ ដែលទាំងនេះគឺជាសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់លោកព្រឹទ្ធាចារ្យដ៏គួរឲ្យគោរពស្រឡាញ់ និងបានបន្សល់ទុកស្នាដៃជាច្រើនជាបន្ទាប់ សម្រាប់វិស័យកីឡាកម្ពុជា ហើយកាលពីឆ្នាំ២០១៦ លោក កែវ ថុន ធ្លាប់បានចូលរួមរត់ភ្លើងគុប ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ បើទោះបីជាពេលនោះលោកមានវ័យជាង៨០ឆ្នាំក៏ដោយ ក៏លោកអាចរត់ភ្លើងគុបបានចម្ងាយពី១០ទៅ២០គីឡូម៉ែត្រដែរ ៕
