Pop Mart ប្រើយុទ្ធសាស្ត្រមួយក្លាយជាក្រុមហ៊ុនមានតម្លៃរាប់ពាន់លានដុល្លារ
បរទេស ៖ នៅថ្ងៃសុក្រនេះក្រុមហ៊ុនផលិតតុក្កតាដ៏ល្បីមួយរបស់ប្រទេសចិន Pop Mart បានដាក់លក់ភាគហ៊ុនរបស់ខ្លួនជាផ្លូវការលើផ្សារភាគហ៊ុន ហើយវាត្រូវបានគេមើលឃើញថាមានការកើនឡើងតម្លៃខ្លួនយ៉ាងខ្លាំងគឺដល់ទៅប្រមាណ 7 ពាន់លានដុល្លារទៅហើយក្នុងពេលនេះ។
Pop Mart ដែលមានលោក Wang Ning ជាស្ថាបនិកបានចាប់កំណើតឡើងតាំងតែពីឆ្នាំ 2010 ផ្តោតសំខាន់ទៅលើតុក្កតាបែបប្រពៃណី និងទំនើបបញ្ចូលគ្នា ដោយងមានមូលដ្ឋានធំនៅក្នុងរដ្ឋធានីប៉េកាំង។ Pop Mart ទើបតែបានប្រកាសលក់បានភាគហ៊ុនប្រមាណជា 674 លានដុល្លារកាលពីពេលថ្មីៗនេះមុនពេលដែលខ្លួនបានបង្ហាញវត្តមាននៅលើទីផ្សារភាគហ៊ុនជាលើកដំបូង ដោយក្នុងរយៈពេលដ៏ខ្លីហ៊ុនរបស់ Pop Mart បានកើនឡើង 100 ភាគរយផងដែរ។
លោក Ning ដែលបច្ចុប្បន្នមានអាយុទើបតែ 33 ឆ្នាំត្រូវបានគេដឹងថាមានភាគហ៊ុនដល់ទៅ 50 ភាគរយនៃហ៊ុនរបស់ក្រុមហ៊ុន ហើយគិតត្រឹមថ្ងៃសុក្រនេះទ្រព្យសម្បតិ្តរបស់គាត់បានកើនឡើងទៅដល់ 3.2 ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខដែលបង្ហាញដោយ Forbes។
គួរឲ្យដឹងដែរថាប្រាក់ចំណេញរបស់ Pop Mart បានកើនឡើង 3 ដងកាលពីឆ្នាំ ហើយអ្វីដែលគេអាចមើលឃើញពីយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទទួលបានផលចំណេញដ៏ច្រើនបែបនេះនោះគឺថា Pop Mart បានប្រើប្រាស់វិធីលក់ដ៏ចម្លែកមួយដែលត្រូវបានគេហៅថា Mystery Toy Boxes។
Pop Mart បានឌីសាញកញ្ចប់តុក្កតាដែលផ្តល់ភាពងាយស្រួលដល់អ្នកទិញដោយមានចម្រុះទៅដោយតុក្កតាច្រើនប្រភេទទាំងបែបបុរាណ និងសម័យបញ្ចូលគ្នា មានទាំងតូច មានទាំងធំច្រើនប្រភេទ ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃលក់រាយដូចគ្នាទាំងអស់គឺត្រឹមតែ 8 ដុល្លារក្នុងមួយប្រអប់។
ផលិតផលរបស់ Pop Mart បានទទួលការគាំទ្រយ៉ាងពិសេសពីសំណាក់អតិថិជនបែបយុវវ័យ និងមនុស្សវ័យកណ្តាលក្នុងចន្លោះចាប់ពី 18-35ឆ្នាំ ហើយក្នុងនោះប្រមាណជា 75 ភាគរយជាស្ត្រី៕