អាជ្ញាធរស្រុកឯកភ្នំ ផ្តោតការរំពឹងថាក្រោយបញ្ចប់នូវ ការស្តារបឹងតាគម ជាបឹងបុរាណ នៅទីនេះរួចរាល់ ទាំងអ្នកឃុំពាមឯកទាំងប្រជាពលរដ្ឋក្នុងស្រុក របស់ខ្លួន និង ទទួលបាន នូវ សក្តានុពលសេដ្ឋកិច្ចនិងមានភ្ញៀវទេសចរច្រើនមកកាន់ទីនេះ
លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានបង្ហាញនូវចំណាប់អារម្មណ៍និងពីទស្សនវិស័យក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គមនៅក្នុងស្រុករបស់ខ្លួន ដោយបានលើកឡើងថា៖ ការស្តារនូវ “បឹងតាគម”ដែលមានចំណាសអាយុកាលតាំងពីសតវត្សទី១១ហើយ និងមានទីតាំងស្ថិតនៅក្បែរប្រាសាទឯកភ្នំ ក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ នៃ ខេត្តបាត់ដំបង។ ដោយសារទឹកបឹងបុរាណមួយនេះមានសភាពគោករីងរាក់ទាំងក្នុងរដូវវស្សានិងរដូវប្រាំង មិនអាចរក្សាស្តុកទុកទឹកបានច្រើន សំរាប់ផ្តល់ការប្រើប្រាស់ស្រោចស្រពផលដំណាំកសិកម្មក្នុងមូលដ្ឋានខ្លួនបានគ្រប់គ្រាន់។ហើយអ្វីដែលប្រឈមជួបនូវការលំបាកខ្លាំងទៀតនោះគឺគ្រោះរាំងស្ងួតក្នុងរដូវប្រាំង និងដោយសារ តែការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើតែងតែប្រឈមពីការខ្វះទឹកប្រើប្រាស់ នូវក្នុងរដូវប្រាំង ជាបន្តបន្ទាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ហេតុផលខាងលើខាងនេះ ទើបប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំនៅទីនេះស្នើសុំមករដ្ឋបាលស្រុក ដើម្បីធ្វើការស្តារបឹងបុរាណមួយនេះ ដើម្បីរក្សានិងស្តុកទឹកក្នុងបឹងតាគម និង បឹងរលួស ទាំង២ដែលក្នុងភូមិសាស្ត្រទីនេះ ឲ្យមានទឹកគ្រប់គ្រាន់ដើម្បីជាប្រយោជន៍ក្នុងការស្រោចស្រពការដាំដំណាំកសិកម្មផ្សេងៗ និង ធ្វើស្រែ-ចម្ការ ដែលជាតម្រូវការជីវភាពប្រចាំថ្ងៃ ដល់ពួកគេនៅទីនេះផ្ទាល់។
បើតាមការអះអាង គូសបញ្ជាក់ពីលោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងបន្ថែមទៀតថា៖ បន្ទាប់ពីមានការអនុញ្ញាត ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ “បឹងតាគម” ដែលជាបឹងបុរាណមានទីតាំងស្ថិតក្នុងភូមិតាគម ឃុំពាមឯក ត្រូវបានចាប់ផ្ដើមស្ដារឡើងវិញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះដោយសម្រេចនូវក្នុងការស្ដារ៖បឹងបុរាណ”មួយនេះ បានប្រមាណជាង ៧០ភាគរយហើយ ។ លោកអភិបាលស្រុកឯកភ្នំ ក៏បានបន្តទៀតថា៖ ការស្ដារឡើងវិញនូវបឹងនេះ វាគឺជាតម្រូវការចាំបាច់និងជាការឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋក្នុងតំបន់នោះដែលបានផ្ដិតមេដៃ ចំនួនជាង ២០០គ្រួសារ ធ្វើការស្នើសុំទៅអាជ្ញាធរស្រុកនិងខេត្តដើម្បីឲ្យជួយស្ដារបឹងនេះឲ្យមានទឹកគ្រប់គ្រាន់ ដើម្បីពួកគាត់អាចនាំយកទឹកពីបឹងបុរាណមួយនេះយកទៅស្រោចស្រពដំណាំកសិកម្មផ្សេងៗ និងការប្រើប្រាស់ប្រចាំថ្ងៃ ។
លោកអភិបាលស្រុកឯកភ្នំ ក៏បានបញ្ជាក់ផងដែរថា”បឹងតាគម” ដែលកំពុងតែស្តារឡើងវិញនេះគឺមានទំហំផ្ទៃដី សរុបចំនួន ១០ហិកតា។ ប៉ុន្តែការស្ដារឡើងវិញ គឺតែ០៧ហិកតា និងមានជម្រៅ០៦ម៉ែត្រ។ ចំណែកផ្ទៃដី ចំនួន០៣ហិកតាទៀត គឺត្រូវបានរៀបចំចាក់ដីបន្ថែមព័ទ្ធជុវិញសម្រាប់ធ្វើជាបរិវេណសួនឧទ្យានដាំស្មៅដាំផ្កាព័ទ្ធជុំវិញ និងដាំដើមឈើរាប់ពាន់ដើម ដូចជា៖ បេង នាងនួន ក្រញូង ធ្នង់ និងដើមឈើប្រណីតផ្សេងទៀត ឲ្យបានស្អាត ដើម្បីប្រែក្លាយតំបន់មួយនេះជាតំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិ និងការកែច្នៃ សំរាប់ជាទីកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបង និងបណ្តាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិនៅថ្ងៃអនាគតផងដែរ។
តាមរយៈសមិទ្ធផលថ្មី ដែលកំពុងតែរំលេចខ្លួននៅទីនេះ លោក អភិបាលស្រុកឯកភ្នំ បានសង្កត់ធ្ងន៎ឲ្យដឹងថា៖ ការស្ដារបឹងតាគម ដែលជាបឹងបុរាណនៅទីនេះ អាជ្ញាធរមិនបានប្រើប្រាសនិង់ចំណាយថវិកា របស់ សាលាស្រុកនោះទេ។គឺ៖ ខាងក្រុមហ៊ុនកាយដីជួយស្ដារ ក៏ប៉ុន្តែអាចម៍ដីខាងក្រុមហ៊ុនគេយក។លោកក៏បានធ្វើការបដិសេដនិងច្រានចោលនូវការរិះគន់បំភ្លៃព័ត៌មានអគតិ មិនពិតមួយចំនួន តាមរយៈទំព័រសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយធ្វើការចោទប្រកាន់មកលើអាជ្ជាធរស្រុកថា៖ លោកយកអាចម៍ដីនេះ ទៅលក់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន។លោកក៏បានឲ្យដឹងទៀតថា៖នៅពេលធ្វើការស្តារនិងកាយដីស្ដារបឹងតាគមនេះក៏បានប្រទះឃើញនូវឆ្អឹងសត្វធំៗត្រូវបានអាជ្ញាធរស្រុកលុបកប់ទៅវិញនៅចំទួលកណ្ដាលបឹង។ រួមជាមួយគ្នានេះ អាជ្ញាធរស្រុកក៏មានគម្រោង ធ្វើជាកោះចំកណ្តាលបឹងនិងធ្វើស្ពាននាគឆ្លងពីមាត់បឹងឆ្ពោះទៅកោះនោះដែលអាចមានផ្នូរសត្វ និងរៀបចំធ្វើជាទីកន្លែងសក្ការៈបូជានៅទីនោះផងដែរ។
លោក ម៉ឹល សុផល ក៏បានឲ្យដឹងទៀតថា៖ ថ្មីៗនេះអាជ្ញាធរស្រុកឯកភ្នំ ក្រៅពីស្ដារបឹងតាគម ឬបឹងបុរាណនេះ ក៏បានស្ដាររួចរាល់ផងដែរនូវ ស្រះទឹករលួស ដែលជាស្រះទឹកធម្មជាតិ ដ៏ធំមួយផងដែរ ស្ថិតក្នុងភូមិឃុំ ជាមួយគ្នានេះ។
សូមបញ្ជាក់ថា៖ ស្រុកឯកភ្នំ មានចម្ងាយប្រមាណ ០៨គីឡូម៉ែត្រ ភាគខាងជើង ពីទីប្រជុំជន នៃ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ស្រុកនេះ មានឃុំចំនួន០៧ឃុំ ក្នុងនោះឃុំដីគោកចំនួន០៥ឃុំ និងឃុំលិចទឹកចំនួន០២។កន្លងមកសម្រាប់ស្រុកឯកភ្នំ រាជរដ្ឋាភិបាលកម្ពុជានិងតាមរយៈនៃក្រសួងធនធានទឹកនិងឧតុនិយម គឺនៅក្នុងភូមិសាស្ត្រ ស្រុកនេះ បានិងកំពុងតែសាងសង់ នូវ ទំនប់ស្ទាក់ទឹកដងស្ទឹងសង្កែ “ទំនប៎សាលាតាអន” ស្ថិតក្នុងឃុំព្រែកនរិន្ទ ដែលកំពុងតែសាងសង់និងសម្រេចបានប្រមាណជាង៧០ភាគរយ។ ហើយស្រុកនេះ ក៏មានសក្កតានុពលក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ ដោយសារតែស្រុកមួយនេះ មានតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រប្រាង្គប្រាសាទបុរាណ វត្តបុរាណ រួមទាំងកន្លែងទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀត។ពិសេសទៀតនោះគឺតំបន់រ៉ាមសារព្រែកទាល់ ក្នុងឃុំកោះជីវាំង ចំណុចបឹងទន្លេសាប និងជាតំបន់អភិរក្ស នូវជីវៈចម្រុះនិងមានបន្ទាយសត្វស្លាបដ៏កម្រ លើពិភពលោក ហើយវាក៏ជាកន្លែងពេញនិយមសំរាប់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ទៅទស្សនាកំសាន្ត នៅទីនោះទៀតផង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )





















