បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនឡើងតុលាការ នារសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី ប្រើវោហាស័ព្ទដៀមដាមថ្នាក់ដឹកនាំ ទិញម៉ាស់ពាក់ឱ្យមាន់ ។
យោងតាមប្រភពព័ត៌មានដែលទទួលបាន សំណុំរឿងនេះ ត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ឱ្យលោកព្រះរាជអាជ្ញារង ប្លង់ សុផល ធ្វើការសាកសួរ តាមនីតិវិធី ។
សូមរម្លឺកថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯ,ឧ វេង សាខុន បានថ្លែងតាមបណ្តាញសង្គម Telegram កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា លោកបានឱ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ ? ។
ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀម ឬព្រៀងលិខិត និងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំ ក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឱ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឱ្យសោះបើគ្មានការចាំបាច់»។
សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើន អះអាងថា កំពុងឌឺដង ឬផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ បុគ្គល នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និងស្ថាប័នរដ្ឋជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើង ចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារសម្តីព្រហើនបែបនេះផងដែរ ៕ ដោយ ប៊ុនធី និងវណ្ណលុក