គម្រោង នៃការដាំស្រូវមិត្តភាពសង្គ្រោះ សត្វព្រៃនៅដែនជម្រក គូលែន ព្រហ្មទេព ទទួលបានផលកាន់តែល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ គម្រោងដាំស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ របស់អង្គការ WCS ស្ថិតនៅ ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្នុងភូមិ សាស្ត្រ ខេត្តព្រះវិហា បច្ចុប្បន្នទទួលបានផ្លែផ្កាកាន់តែល្អប្រសើរ ទាំងការផលិតទិន្នផលស្រូវ ក៏ដូចជាការលក់លើទីផ្សារ។ នេះគឺជាការបង្ហាញឱ្យដឹងពីលទ្ធផលជាវិជ្ជមាន កាន់តែប្រសើរឡើងរបស់ប្រជាកសិករកំពុងដាំស្រូវ មិត្តភាព សង្គ្រោះ សត្វព្រៃនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងបរិស្ថាន និងអង្គការជាដៃគូរបានចុះបំពេញទស្សនកិច្ច ដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេព ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

គួរបញ្ជាក់ថាគម្រោង ដាំស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នេះដែរកំពុងត្រូវបានអនុវត្តន៍រួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។ ជាមួយការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ ដើម្បី បង្កើន ជីវភាព របស់ ប្រជាសហគមន៍ និងទប់ស្កាត់ការ ទន្ទ្រាន ដីព្រៃមិនឲ្យប្រជា សហគមន៍ រុករានចូលក្នុង ដែនជម្រកសត្វព្រៃ។

ក្នុងឱកាស ដឹកនាំប្រតិភូនៃមន្រ្តីក្រសួងបរិស្ថានចុះពិនិត្យ ក៏ដូចជាសួរសុខទុកប្រជាពលរដ្ឋនៅសហគមន៍មួយនេះ ឯកឧត្តម នេត្រភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា គម្រោងដាំស្រូវ មិត្តភាពសង្គ្រោះ សត្វព្រៃ របស់ប្រជាសហគមន៍ ក្នុងភូមិ ត្មាត ប៉ើយ ធ្វើឡើង តាម គោលការណ៍ ធម្មជាតិ មិនប្រើថ្នាំពុល គីមីទប់ស្កាត់ ការទន្ទ្រាន ដីព្រៃ និង ការបរបាញ់សត្វព្រៃ។ នៅពេល ប្រជាសហគមន៍ ប្រមូលផលពីការដាំស្រូវនេះ គឺ ពួកគាត់អាចលក់ស្រូវមកឲ្យគម្រោង ដោយ ទទួលបាន តម្លៃ សមរម្យ ។

ឯកឧត្តម រដ្ឋលេខាធិកាបានលើកឡើងផងថា គម្រោងដាំស្រូវ មិត្តភាព សង្គ្រោះ សត្វព្រៃនេះក៏បានចូលរួម អភិរក្ស ពពួកសត្វ ត្រ យ៉ង យក្ស ដែល កំពុង ជិត ផុត ពូជ នឹង កំពុង ទទួលរង ការគំរាមកំហែង។ ក្រៅពីនេះវាក៏ ជា គំរូមួយ រួមចំណែក ជាមួយ ក្រសួងបរិស្ថាន ក្នុងកិច្ច គាំពារ បរិស្ថាន ការពារ ធនធាន ធម្មជាតិ និងអភិរក្ស ជីវៈចម្រុះនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននាឱកាស ទស្សនាគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងសហគមន៍អេកូទេសចរណ៍នៅសហគមន៍ត្មាតប៉ើយបានចាត់ទុកថាក្រោមកិច្ចខិតខំប្រឹងប្រែងក៏ដូចជាគម្រោង របស់អង្គការជាដៃគូរទាំងនេះដោយបានផ្តោតទៅលើអទិភាពសំខាន់ៗដូចជា៖

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់ សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ក្រៅពីនេះ ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់គម្រោងស្រូវសត្វត្រយ៉ងដែលនេះគឺ ជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព  ដើម្បីគាំទ្រ ការអភិរក្ស និងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់បន្តថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មី បម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្សដែលមានបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ពលរដ្ឋនៅ ក្នុងការដើរកម្សាន្ត។ បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុកមានកំណើនឡើងគួរ ឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែកំណើន សេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

នាឱកាសនោះដែរឯកឧត្តម រដ្ឋលេខាធិការបានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការដៃគូ និងម្ចាស់ជំនួយ ជាពិសេស USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។ គួរបញ្ជាក់ថា គម្រោងកម្មវិធីស្រូវត្រយ៉ងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សដោយបានចាប់ផ្តើមពី២ភូមិ រហូតដល់សព្វថ្ងៃកំពុងតែអនុវត្តក្នុងភូមិ ១១ នៅក្នុងតំបន់ការពារទេសភាពខាងជើងប្រទេសកម្ពុជា(ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ឆែប និងព្រៃព្រះកោរ) ដោយក្នុងនេះ៥ភូមិជាប់ជាមួយព្រំប្រទល់តំបន់ការពារសៀមប៉ាងភាគខាងលិច ៣ភូមិនៅក្នុងតំបន់ការពារ កែវសីម និង៣ភូមិនៅក្នុងតំបន់ការពារព្រៃឡង់ស្ថិតនៅក្នុងភូមិនសាស្រ្តខេត្តស្ទឹងត្រែង។ ដោយឡែកនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ចំនួនកសិករដែលបានចូលរួមជាមួយគម្រោងមានការកើនឡើងពី៣៥គ្រួសារ រហូតដល់ ៧៥០គ្រួសារ ហើយបើតាមការរំពឺងទុកនៅក្នុងឆ្នាំ ២០២០៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner